(ហាណូយ)៖ គណបក្សកុម្មុយនិស្ដវៀតណាម នៅថ្ងៃសុក្រសប្ដាហ៍នេះបានបោះឆ្នោតបណ្ដេញឧបនាយករដ្ឋមន្ត្រី លោក ផាំ បិញ មិញ (Pham Binh Minh) ដែលទទួលបន្ទុកកិច្ចការ គោលនយោបាយការបរទេស ចេញពីការិយាល័យនយោបាយរបស់ខ្លួន និងគណៈកម្មាធិការមជ្ឈិមបក្ស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន NIkkei នៅថ្ងៃសៅរ៍ ទី៣១ ខែធ្នូ ឆ្នាំ២០២២។
នៅក្នុងថ្ងៃជាមួយគ្នានោះ គណៈកម្មាធិការមជ្ឈិមបក្ស ក៏បានបោះឆ្នោតដកសមាជិកភាពឧបនាយករដ្ឋមន្ត្រី លោក វូ ឌុក ដាំ (Vu Duc Dam) ផងដែរ ដោយមិនបានបញ្ជាក់ពី មូលហេតុអ្វីនោះទេ។ ប៉ុន្តែ ការបោះឆ្នោតនេះកើតមានឡើងចំពេលគណបក្សកម្មុយនិស្ដវៀតណាម កំពុងដឹកនាំយុទ្ធនាការបោសសម្អាតអំពើពុករលួយដែលជាប់ពាក់ព័ន្ធនឹងការធ្វើមាតុភូមិ និវត្តន៍ពលរដ្ឋវៀតណាម អំឡុងការឆ្លងរាតត្បាតខ្លាំងនៃជំងឺកូវីដ១៩។
គួរបញ្ជាក់ថា លោក ផាំ បិញ មិញ (Pham Binh Minh) មានអាយុ៦៣ឆ្នាំ គឺជាអ្នកការទូតជើងចាស់ម្នាក់ដែលបានចូលបម្រើការឱ្យក្រសួងការបរទេសវៀតណាមក្នុងឆ្នាំ១៩៨១។ លោកធ្លាប់ បានកាន់តំណែងជាច្រើននៅក្នុងវិស័យការទូត មុននឹងត្រូវបានតែងតាំងជាអនុរដ្ឋមន្ត្រីការបរទេសវៀតណាមនៅឆ្នាំ២០០៧ និងជារដ្ឋមន្ត្រីការបរទេសនៅឆ្នាំ២០១១។ លោក ផាំ បិញ មិញ បានក្លាយជាឧបនាយករដ្ឋមន្ត្រីនៅឆ្នាំ២០១៣៕