(បាត់ដំបង)ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយសសូមគោរពជម្រាបជូនសាធារណជន អ្នកសារព័ត៌មាននិងអ្នកនិយមប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា ថ្មីៗនេះមានការផ្សព្វផ្សាយក្នុងបណ្តាញ សង្គមពីករណីដែលថា មានក្រុមបង្កភាពអណាធិបតេយ្យបង្កើតនូវក្រុមមួយឈ្មោះថា VK ដោយការសរសេររៀបរាប់ថា ពេលដើរលែងសូមប្រុងប្រយ័ត្នក្រុម VKវត្តខ្វែង ក្រុមទើបបង្កើតថ្មី ជួបប្រុស កាប់ ប្រុស ជួបស្រីកាប់ស្រី សាហាវណាស់ មានអ្នកស្គាល់មុខជួយប្រាប់ផង បងប្អូន សាហាវណាស់ខ្លួនខ្ញុំសឹងតែក្លាយជាសាកសព ដែលខ្លឹមសារនេះត្រូវបានអ្នកសារព័ត៌មាននិងអ្នកប្រេីប្រាស់បណ្តាញសង្គមទាញការចាប់អារម្មណ៍ព្រមទាំងស្នេីឱ្យសមត្ថកិច្ចនគរបាលចាត់វិធានការស្រាវជ្រាវស្វែងរកការពិត។
បន្ទាប់ពីឃើញការបង្ហោះខ្លឹមសារបែបនេះ នៅក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃ ទី៣០ខែធ្នូឆ្នាំ២០២២ នេះលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង បានដាក់បទបញ្ជាយ៉ាងហ្មឹងហ្មាត់ដល់លោកស្នងការរងទទួលផែនជំនាញ លោកនាយការិយាល័យជំនាញនិង លោ ក អធិការនគរបាលក្រុង ស្រុកពាក់ព័ន្ធធ្វើការស្រាវជ្រាវជាបន្ទាន់ចំពោះខ្លឹមសារនៃការផ្សព្វផ្សាយនេះហើយ។
ជាមួយនេះ ក្នុងនាមសមត្ថកិច្ចនគរបាលសូមអំពាវនាវដល់មហាជនទូទៅដែល បានដឹងច្បាស់អំពីប្រភពនៃព័ត៌មានទាក់ទងនឹងករណីខាងលើ សូមចូលរួមសហការជាមួយសមត្ថកិច្ចនគរបាល ដោយផ្តល់ព័ត៌មានដល់មន្រ្តីនគរបាលនៅមូលដ្ឋានឬតាមរយៈប្រអប់សារនៅក្នុងផេកហ្វេសប៊ុកនេះ ដើម្បីសមត្ថកិច្ច ស្វែងរកការពិតនិងឈានទៅចាត់ វិធានការជាក់ស្តែងស្របតាមជំនាញនីតិវិធី និងច្បាប់ក្នុងករណីព័ត៌មានខាងលេីជាការពិត ដេីម្បីរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សង្គមក្នុងមូលដ្ឋានស្របតាមគោលនយោបាយស្តីពីភូមិ ឃុំមានសុវត្ថិភាព សូមអរគុណ៕