Uncategorized

សមត្ថកិច្ចខេត្តបាត់ដំបងចាប់បញ្ជូនមេខ្លោងចោរប្លន់ម្នាក់ទៅភ្នំពេញវិញ

 

​បាត់ដំបង៖កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្នឹង ស្រុក​បាណន់កាលពីរសៀលថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០២០ បាន​តាម​ចាប់ខ្លួន​ជនសង្ស័យ ជា​មេខ្លោង​ចោរប្លន់ នៅ​រាជធានី​ភ្នំពេញ ហើយ​រត់​មក​លាក់ខ្លួន នៅ​ភូមិ​ស្នឹង​កើត ឃុំ​ស្នឹង ស្រុក​បាណន់ ខេត្តបាត់ដំបង​។ ក្រោយ​ចាប់ខ្លួនបាន សមត្ថកិច្ច ក៏បាន​បញ្ជូន​ទៅកាន់​រាជធានី​ភ្នំពេញ​។​

​មន្ត្រីនគរបាល​​ព្រហ្មទណ្ឌ​កំរិតធ្ងន់ បាន​ឱ្យដឹងថាៈ ជនសង្ស័យ​ប្លន់​ប្រដាប់អាវុធ ឈ្មោះ ណ​យ សុផាន់ ហៅ ប៉ាន់ អាយុ ២១ ឆ្នាំ រស់នៅ​ភូមិ​ក្រាញ់ តា​បាញ់ សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។ មន្ត្រី​ជំនាញ ដកហូត​បាន​ម៉ូតូ មួយគ្រឿង ម៉ាក​ហុងដា ឌ្រី​ម ស៊េរី​ឆ្នាំ ២០២០ ពណ៌​ខ្មៅ ពាក់​ស្លាក លេខ ភ្នំពេញ​1IB-7320 ។​

​មន្ត្រី​ដដែល បាន​បន្តថា ជននេះ ត្រូវបាន​ចាប់ខ្លួន តាមរយៈ​ក្មេងប្រុស​ម្នាក់ ដែល​ជននេះ ប្រើ​ឱ្យទៅ​ដក​លុយ​ជំនួស នៅ​កន្លែង « វី​ង » ដែល​ជននេះ ប្រាប់​ឱ្យមិត្តស្រី​របស់ខ្លួន នៅ​ភ្នំពេញ វេរ​ឱ្យចំនួន ១០ ម៉ឺន រៀល ។​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​នេះ បាន​ឆ្លើយ​សារភាពថាៈ ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​ប្លន់​ជាមួយនឹង​បក្ខពួក។តែ​ជននេះ អះអាងថា ខ្លួន​មិនមែនជា​មេខ្លោង ក្រុម​ប្លន់​ប្រដាប់អាវុធ​ទេ ។​

មន្ត្រី​នាយកដ្ឋាន​ព្រហ្មទណ្ឌ បាន​ប្រាប់ថាៈ ឈ្មោះ ណ​យ សុផាន់ ហៅ ប៉ាន់ នេះ រួមជាមួយ​គូកន ប៉ុន្មាន​នាក់​ទៀត ដែល​បាន​ចាប់ខ្លួន ក្រោយពេល​កើត ហេតុ គឺ​ពួកគេ បានធ្វើ​សកម្មភាព ស្ទាក់​ប្លន់​យក​ម៉ូតូ​អ្នកដំណើរ នៅក្នុង​រាជធានី​ភ្នំពេញ និង​នៅតាម​បណ្ដា​ខេត្ត មួយចំនួនទៀត មិនតិចជាង ១០ លើក​ឡើយ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *