ព័ត៌មានអន្តជាតិ

កូរ៉េខាងជើង និងកូរ៉េខាងត្បូង បាញ់កាំភ្លើងធំព្រមានដាក់គ្នាទៅវិញទៅមក!

(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃចន្ទនេះ បានបាញ់ផ្លោងកាំភ្លើងធំចំនួន១០គ្រាប់ ចេញពីឆ្នេរសមុទ្រភាគខាងលិចរបស់ខ្លួន ជាការឆ្លើយតបនឹងការបាញ់ព្រមានរបស់កូរ៉េខាងត្បូង មកលើកប៉ាល់កូរ៉េខាងជើងដែលធ្វើដំណើរឆ្លងកាត់ព្រំដែនសមុទ្ររបស់ប្រទេសទាំងពីរ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០២២។

ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង KCNA បានរាយការណ៍ថា អគ្គសេនាធិការកងទ័ពប្រជាជនកូរ៉េខាងជើង បានបញ្ជាឲ្យកងកម្លាំងរបស់ខ្លួនបានបាញ់ផ្លោងគ្រាប់រ៉ុក្កែតចំនួន ១០គ្រាប់ នៅម៉ោងប្រហែល៥ព្រឹក បន្ទាប់ពីយោធាកូរ៉េខាងត្បូងបានបាញ់ព្រមានមកលើកប៉ាល់ពាណិជ្ជករកូរ៉េខាងជើង ដែលបើកឆ្លងកាត់ខ្សែបន្ទាត់ព្រំដែនភាគខាងជើង ជាព្រំដែនសមុទ្រពិតប្រាកដរវាងកូរ៉េទាំងពីរ នៅវេលាម៉ោងប្រហែលម៉ោង៣ទាបភ្លឺ (ម៉ោងក្នុងតំបន់) ដោយសំអាងលើសកម្មភាពល្បាត។ សកម្មភាពនេះគឺជាការព្រមានយ៉ាងម៉ឺងម៉ាត់ម្តងទៀតដល់កូរ៉េខាងត្បូង ចំពោះបង្កការហេតុក្នុងដែនសមុទ្រ នាពេលនេះ។

គួរបញ្ជាក់ថា ព្រំដែនសមុទ្រត្រូវបានគេចាត់ទុកថា ជាចំណុចក្តៅហើយក៏ជាទីតាំងនៃការប៉ះទង្គិចគ្នាជាច្រើនដង រវាងប្រទេសកូរ៉េទាំងពីរក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។ ភាពតានតឹងបានកើនឡើងក្នុង រយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយកូរ៉េខាងជើងបានបាញ់មីស៊ីល និងកាំភ្លើងធំជាច្រើនគ្រាប់ ធ្វើកូរ៉េខាងត្បូង ជប៉ុន រួមទាំងសម្ព័ន្ធមិត្តលោកខាងលិច បង្កើនការព្រួយបារម្ភ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *