ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធខេត្តបាត់ដំបង!

(បាត់ដំបង)៖ បន្ទាប់ពីបញ្ចប់ការងារនៅក្នុងខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃអាទិត្យ ទី២៣ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានបន្តធ្វើដំណើរមកកាន់ខេត្តបាត់ដំបង។ ដំណើរមកកាន់ខេត្តបាត់ដំបង សម្តេចតេជោ ហ៊ុន សែន មានការងារចំនួនពីរត្រូវបំពេញ។ ការងារទី១ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ធ្វើឡើងនៅវេលាម៉ោងប្រមាណ ៣រសៀលថ្ងៃអាទិត្យនេះ, ការងារទី២ គឺការចែកពូជស្រូវ និងស្បៀងអាហារជូនប្រជាកសិកររងគ្រោះដោយទឹកជំនន់ ដែលនឹងធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ទី២៤ ខែតុលា។

ក្រុមប្រឹក្សាខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនៅក្នុងខេត្ត ដែលបានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលនារសៀលនេះ មានចំនួនសរុបប្រមាណ ២,២២១នាក់។

ជាកិច្ចចាប់ផ្តើមនៅក្នុងពិធីសំណេះសំណាលនេះ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានសម្តែងការស្វាគមន៍ប្រកបដោយក្តីសោមនស្សរីករាយ និងកក់ក្តៅបំផុត ចំពោះវត្តមានរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានចំណាយពេលវេលាដ៏មានតម្លៃឆ្លៀតជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធខេត្តបាត់ដំបង។

លោកអភិបាលខេត្ត ចាត់ទុកជំនួបសំណេះសំណាលនេះ បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ចំពោះមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅក្នុងខេត្តបាត់ដំបង។

បន្ទាប់ពីស្វាគមន៍ចំពោះវត្តមានដ៏ខ្អង់ខ្ពស់របស់សម្តេចតេជោរួចរាល់ទៅ លោកអភិបាលខេត្តបាត់ដំបង ក៏បានជម្រាបសម្តេចតេជោ និងកម្មវិធីទាំងមូលអំពីស្ថានភាពមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាការងារដទៃទៀតនៅក្នុងខេត្ត។

លោកអភិបាលខេត្ត បានឱ្យដឹងថា នៅក្នុងខេត្តបាត់ដំបង មានមន្ត្រីរាជការស៊ីវិលចំនួន ១២,៩២៩នាក់ (ស្រី ៦,៣៦៤នាក់)។ ក្រុមប្រឹក្សាខេត្ត ក្រុង/ស្រុក និងឃុំ/សង្កាត់ សរុប ១,១១០នាក់។

លោក សុខ លូ ក៏បានលើកបង្ហាញការងារបង្ក្រាបបទល្មើសនានានៅក្នុងខេត្ត រួមមានការបង្ក្រាបបទល្មើសបំផ្លាញធនធានធម្មជាតិដូចជា បទល្មើសនេសាទ បទល្មើសព្រៃឈើ… មានការថយចុះជាបន្តបន្ទាប់។ ចំពោះបញ្ហាទំនាស់ដីធ្លី ដែលមានលក្ខណៈទ្រង់ទ្រាយធំ ក៏រដ្ឋបាលខេត្តបានខិតខំ ទប់ស្កាត់មិនឱ្យមានការកើតឡើងថ្មីនិងបានខិតខំបន្ត ដោះស្រាយទំនាស់នានាដែលនៅសេសសល់ជាបន្តទៀត។ លើសពីនេះ រដ្ឋបាលខេត្ត បានខិតខំជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ដើម្បីរួមគ្នារក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមបានល្អប្រសើរ។

លោក សុខ លូ ក៏បានគូសរំលេចផងដែរថា ករណីបទល្មើសព្រហ្មទណ្ឌ ការចែកចាយ ប្រើប្រាស់គ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ អត្រាគ្រោះថ្នាក់ចរាចរណ៍មានការថយចុះបើធៀបនឹងបណ្ដាឆ្នាំមុនៗ។ ផ្តើមចេញពីចំណុចនេះធ្វើឱ្យការអនុវត្តគោលនយោបាយភូមិ ឃុំ សុវត្ថិភាព ទទួលបានលទ្ធផលល្អប្រសើរ ក្នុងការចូលរួមប្រឡងប្រណាំងគោលនយោបាយភូមិឃុំមានសុវត្ថិភាពទូទាំងប្រទេស។

លោកអភិបាលលើកឡើងថា លទ្ធផលគួរជាទីមោទនៈនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កបរិយាកាសសប្បាយរីករាយ សេចក្តីសុខក្សេមក្សាន្តជូនប្រជាពលរដ្ឋ ក៏ដូចជាការបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាពលរដ្ឋទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០២២ ដែលចាប់ផ្តើមពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ មានរយៈពេល៥០ថ្ងៃ។

ក្នុងពិធីសំណេះសំណាលនេះ លោកអភិបាលខេត្ត តំណាងឱ្យមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធប្រកាសអនុវត្តយ៉ាងម៉ឺងម៉ាត់រាល់បទបញ្ជារបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ វាយកម្ទេចការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល និងរដ្ឋអំណាចស្របច្បាប់របស់កម្ពុជា និងបដិវត្តន៍ពណ៌គ្រប់ទម្រង់ និងគ្រប់រូបភាពកុំឱ្យកើតមានជាដាច់ខាត ព្រមទាំងការពារ ថែរក្សារាល់សមិទ្ធផលសង្គម សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ នៃសង្គមជាតិកម្ពុជាទាំងមូល ដែលរកបានដោយលំបាក ទម្រាំបានដូចសព្វថ្ងៃនេះ។

ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋទូទាំងខេត្តបាត់ដំបង លោក សុខ លូ ប្រកាសប្រឆាំងដាច់ខាត និងថ្កោលទោសយ៉ាងដាច់អហង្កា ចំពោះសេចក្តីថ្លែងការណ៍របស់ទណ្ឌិត សម រង្សី មេក្រុមឧទ្ទាម ជាពូជក្បត់ជាតិបីជំនាន់ តាមរយៈវីដេអូឃ្លីបនាពេលថ្មីៗនេះ ដែលបានធ្វើការញុះញង់ឱ្យកងកម្លាំងប្រដាប់អាវុធធ្វើការបះបោរ។

លោក សុខ លូ ក៏បានប្រកាសប្តេជ្ញាចិត្តគាំទ្រការពារយ៉ាងដាច់ខាតចំពោះ រាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត និងការពារ គាំទ្រយ៉ាងម៉ឺងម៉ាត់បំផុតចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំដ៏ឆ្នើម និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ជាពិសេសការពារឱ្យបាននូវសុខសន្តិភាពទោះក្នុងតម្លៃណាក៏ដោយ។

បន្ទាប់ពីស្តាប់នូវរបាយការណ៍នានារបស់លោកអភិបាលខេត្តរួចហើយនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញនូវអារម្មណ៍រីករាយ ដែលបានវិលមកជួបជាមួយក្រុមប្រឹក្សាខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅក្នុងខេត្តបាត់ដំបង។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអបអរសាទរចំពោះក្រុមប្រឹក្សាឃុំ/សង្កាត់​ក្នុងខេត្តបន្ទាយមានជ័យទាំងអស់ ដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋតាមរយៈការបោះឆ្នោតកាលពីពេលថ្មីៗនេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងនៅក្នុងខេត្ត ដែលបានប្រឹងប្រែងរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ និងជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋពេលជួបគ្រោះទឹកជំនន់នាពេលថ្មីៗនេះ។ ជាពិសេសការប្រឹងប្រែងរួមគ្នារក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គម ទប់ស្កាត់នូវទង្វើបង្កចលាចលនានាក្នុងសង្គម។

បើទោះបីជាយ៉ាងណានៅក្នុងជំនួបសំណេះសំណាលនេះ សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់មន្ត្រីរាជការ ជាពិសេសក្រុមប្រឹក្សាឃុំ/សង្កាត់ទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជន ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាចាំបាច់នានាជូនប្រជាពលរដ្ឋឱ្យបានលឿនរហ័ស។ ចៀសវាងដាច់ខាតការបង្កបង្កើតនូវបញ្ហានានា ដែលនាំឱ្យថ្នាំងថ្នាក់ដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *