កំពង់ស្ពឺ៖កម្លាំងនគរបាលខេត្តកំពង់ស្ពឺនឹងបញ្ជូនស្ត្រីដែលបានយកកាំបិតកាប់លើបុរសស្រវឹងស្រាម្នាក់ឱ្យរងរបួសរយៈក្បាលដេរ១០ថ្នេរទៅតុលាការ។
ហេតុការណ៍នេះបានកើតឡើងនៅ ភូមិរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺកាលពីល្ងាចថ្ងៃទី៦ខែមីនាឆ្នាំ២០២២។នគរបាលស្រុកគងពិសីបានឱ្យដឹងថា ស្ត្រីដែលប្រើហិង្សាទៅលើបុរសរងគ្រោះនោះឈ្មោះ បូ លន់ អាយុ៥២ឆ្នាំ នៅភូមិឃុំកើតហេតុ។ចំណែកបុរសដែលត្រូវគេកាប់នោះឈ្មោះ ណយ រឿន អាយុ៣០ឆ្នាំនៅភូមិឃុំជាមួយគ្នា ។
មូលហេតុដែលបង្កឱ្យមានអំពើហិង្សាកើតឡើងគឺដោយសារតែជនរងគ្រោះផឹកស្រាស្រវឹងហើយដើរករឿងអ្នកជិតខាងនិងជេរប្រមាថទើបធ្វើឱ្យស្ត្រីសង្ស័យទប់កំហឹងមិនបានក៏យកកាំបិតកាប់ទៅលើជនរងគ្រោះតែម្តង។
ក្រោយមកសមត្ថកិច្ចបាននាំស្ត្រីរូបនោះទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បី កសាងសំណុំរឿងនឹងបញ្ជូនទៅតុលាការ៕