ព័ត៌មានសន្តិសុខសង្គម

អាគារស្នាក់ការគណៈបក្សប្រជាជនកម្ពុជា ឃុំស្រយ៉ង់មានតម្លៃជាង ១០០ លានរៀល បានសម្ពោធ

ព្រះវិហារ៖ អាគារស្នាក់ការគណបក្សប្រជាជនកម្ពុជាជាសមិទ្ធផលថ្មីមួយទៀត ដែលទើបកសាងរួចមានតម្លៃ១១៥លានរៀលស្ថិតក្នុងឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយកាលពីថ្ងៃទី២៧ ខែកុម្ភៈឆ្នាំ២០២២។ពីធីនេះក្រោមវត្តមានលោកទេសរដ្ឋមន្រ្តី មាស សុភា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះវិហារ។

នាឱកាសនោះមានការអញ្ជើញចូលរួមពីលោក ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការគណបក្សខេត្តព្រះវិហារ លោក សួស សុខដារ៉ា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះជួយស្រុកគូលែន ព្រមទាំងវត្តមានមន្ត្រីបក្សជាច្រើនរូប ។
លោក សួស សុខដារ៉ា បានឱ្យដឹងថា អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្ត ព្រះវិហារ មានទំហំ ៩មគុណ៧ម សាងសង់ឡើងអំពីថ្មប្រក់ក្បឿង ក្រាលការ៉ូ ចំណាយថវិកាអស់ចំនួន ១១៥លានរៀល ។ជាថវិការបស់លោកទេសរដ្ឋមន្រ្តី មាស សុភា និងក្រុមការងារ ព្រមទាំងសប្បុរសជននានា។ការកសាងអគារថ្មីនេះឡើង ក្នុងគោលបំណងងាយស្រួលដល់មន្រ្តីគណបក្សមានកន្លែងធ្វើការសមរម្យ។

លោក ប្រាក់ សុវណ្ណ បានឱ្យដឹងថា អគារទីស្នាក់ការថ្មីរបស់គណបក្សប្រជាជនកម្ពុជា ឃុំស្រយ៉ង់ ស្រុកគូលែន ជាសមទ្ធិផលថ្មីមួយបន្ថែមទៀត ក្នុងចំណោមសមទ្ធិផលជាច្រើនដែលបានកើតឡើងនឹងកំពុងកើតឡើងជាបន្តបន្ទាប់ ជាយុទ្ធសាស្ត្រ និងទិសដៅរបស់គណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ ដែលបានដាក់ចេញនូវទិសដៅពន្លឿនការសាងសង់អគារទីស្នាក់ការគណបក្ស ឱ្យបានគ្រប់ឃុំ/សង្កាត់ទាំង៥១ នៅទូទាំងខេត្តព្រះវិហារ។

លោកទេសរដ្ឋមន្រ្តី មាស សុភា បានឱ្យដឹងថា គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងឥស្សរជនទាំងអស់ បានកំណត់យកការសង្រ្គោះប្រជាពលរដ្ឋនៅទូទាំងប្រទេសជាកត្តាអាទិភាពខ្ពស់បំផុត ។
យកអាយុជីវិតធ្វើជាដើមទុនក្នុងការរំដោះពីការសម្លាប់រង្គាលរបស់របបប៉ុលពត ការប្តូរជីវិតចូលតំបន់ឧទ្ទាមដើម្បីអនុវត្តនយោបាយឈ្នះ-ឈ្នះ ដែលនាំមកនូវសន្តិភាពពសពេញផ្ទៃប្រទេស និងថ្មីៗនេះ គឺការសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋចេញពីមាត់មច្ចុរាជកូវីដ-១៩។

លោកទេសរដ្ឋមន្រ្តី មាស សុភា បានបន្តផ្តាំផ្ញើទៅដល់បងប្អូនសមាជិកសមាជិការគណៈបក្សប្រជាជនទាំងអស់ ត្រូវរួមកម្លាំងសាមគ្គីគ្នាឲ្យបានរឹងមាំពីថ្នាក់មូលដ្ឋានដល់ថ្នាក់ជាតិ ដើម្បីឈានទៅដណ្តើមជ័យជំនៈក្នុងការបោះឆ្នោតឃុំ សង្កាត់ ឆ្នាំ២០២២ និងដណ្តើមយកជ័យជំនៈក្នុងការបោះឆ្នោតតំណាងរាស្ត្រ ឆ្នាំ២០២៣ខាងមុខ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *