Uncategorized

ឃាត់ខ្លួនជនបរទេស៥៣នាក់ដែលស្នាក់នៅនិងធ្វើការខុសច្បាប់រយ:ពេល៧ខែដើមឆ្នាំ

 

​សៀមរាប​៖​សមត្ថកិច្ចបាន​ឃាត់ខ្លួនជនបរទេស​ចំនួន​៥៣​នាក់​​​រយៈពេល​៧​ខែ​ដើមឆ្នាំ​២០២០​នេះដែល​ស្នាក់នៅ​និង​ធ្វើការ​ខុសច្បាប់​ក្នុង​ខេត្តសៀមរាប​។​​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ជា​គឹម​សានស្នងការរង​ទទួល​ផែនការ​ងារ​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បានឱ្យដឹង​កាលពីថ្ងៃទី​៧ខែសីហា ឆ្នាំ​២០២០ថា៖​​​ក្នុង​រយៈពេល​៧​ខែ​ដើមឆ្នាំ​២០២០​​នគរបាលអន្តោប្រវេសន៍​បាន​ចុះបង្ក្រាប​ជនបរទេស​ដែល​ចូលមក​ស្នាក់នៅ​និង​ធ្វើ​ការមិន​ស្របច្បាប់​ក្នុង​ខេត្តសៀមរាប​ចំនួន​២២​លើក។​

លោកបានបន្តថាសមត្ថកិច្ចបានឃាត់ខ្លួន​ចំនួន​៥៣​នាក់​​ស្រី​ចំនួន​១០​នាក់​។ក្នុងនោះមាន​១២​សញ្ជាតិ ហើយ​ជនបរទេស​ទាំងអស់នោះ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​កំពុង​រៀបចំ​កសាង​សំណុំរឿង​និង​សុំ​គោលការណ៍​ត្រៀម​បណ្តេញចេញ​រួចរាល់​ហើយ​ដែរ ។​​លោក​បាន​បន្តថា ជនបរទេស​ដែល​ចូលមក​ស្នាក់នៅ​និង​ធ្វើការ​ក្នុងប្រទេស​កម្ពុជា​ស្របច្បាប់ ត្រូវបាន​បែងចែក​ជា​២​ប្រភេទ​គឺ​៖​

ទី​១.​ជនបរទេស​អន្តោប្រវេសន៍​គឺជា​ជនបរទេស​ដែល​ស្នាក់នៅ​រយៈពេល​យូរ​របៀប​ជាការ​តាំងទី​លំនៅ​ជា​ក្រុមគ្រួសារ​។​ទី​២.​ជនបរទេស​មិនមែន​អន្តោប្រវេសន៍​គឺជា​ជនបរទេស​ដែល​ចូលមក​ស្នាក់នៅ​បណ្តោះអាសន្ន​រយៈពេល​ខ្លី​ហើយ​ជនបរទេស​ដែល​ស្របច្បាប់​ទាំងអស់​ត្រូវបំពេញ​តាម​លក្ខន្តិកៈ​ច្បាប់​អន្តោប្រវេសន៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

សូមបញ្ជាក់ថា​យោងតាម​មាត្រា​១៨​នៃ​ច្បាប់​អន្តោប្រវេសន៍​ចែងថា​ម្ចាស់​ឬ​អ្នកកាន់កាប់​លំនៅស្ថាន​គ្រប់​ប្រភេទ​ត្រូវ​ជូនដំណឹង​ក្នុង​រយៈពេល​២៤​ម៉ោង​ដល់​ស្ថាប័ន​នគរបាល​មាន​សមត្ថកិច្ច​ពី​វត្ត​មាន​ជនបរទេស​ដែល​បានមក​ស្នាក់នៅ​កម្ពុជា​។​ចំពោះ​មាត្រា​៣១​ចែងថា​ត្រូវ​ផ្ដន្ទា​ទោសពិន័យ​អន្តរការណ៍​ជា​ប្រាក់​ពី ១០.០០០ រៀល ដល់ ៣០.០០០ រៀល​។​
ចំពោះ​ជន​ណា​ដែល​បាន​ប្រព្រឹត្តល្មើស​នឹង​មាត្រា ១៨ នៃ​ច្បាប់​នេះ​។ ក្នុងករណី​មិន​រាងចាល​ជនល្មើស​ត្រូវ​ផ្ដន្ទា​ទោសពិន័យ​អន្តរការណ៍​ជា​ប្រាក់​ពី ៣០.០០០ រៀល​ដល់ ៦០.០០០ រៀល ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *