កំពង់ឆ្នាំង៖អគ្គិភ័យមួយបានឆាបឆេះទីតាំងលក់ហ្គាសនិងប្រេងមួយកន្លែងដោយបានបំផ្លាញសម្ភារជាច្រើនកាលពីម៉ោងជាង៨ព្រឹកថ្ងៃទី២៩ ខែធ្នូឆ្នាំ២០២១។
គ្រោះអគ្គិភ័យនេះបានកើតឡើងនៅតាមផ្លូវជាតិលេខ៥ ក្នុងភូមិព្រៃពួច ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។លោកឧត្តមសេនីយ៍ត្រីលុយឌីណាស្នងការរងនគរបាលខេត្តកំពង់ឆ្នាំងទទួលបន្ទុកបង្ការពន្លត់អគ្គិភ័យបានឱ្យដឹងថា មូលហេតុនៃការឆេះនេះគេមិនទាន់ដឹងពីប្រភពនៅឡើយដែលសមត្ថកិច្ចកំពុងជួយជួយបាញ់ទឹកពន្លត់សិន។
ក្នុងហេតុការណ៍នេះរថយន្តពន្លត់អគ្គិភ័យចំនួន៦គ្រឿងគ្រឿងរបស់នគរបាលខេត្តកំពង់ឆ្នាំងបានចេញអន្តរាគមន៍បាញ់ទឹកពន្លត់រយៈពេលជាង២ម៉ោងប្រើទឹកអស់១៣រថយន្តទើបភ្លើងរលត់ទាំងស្រុង។ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់ទេ។ភ្លើងបានឆេះបំផ្លាញទីតាំងលក់ហ្គាសអស់ស្ទើរទាំងស្រុងនិងហ្គាសចំនួន៦៨បំពង់ព្រមទាំងសម្ភារជាច្រើនទៀត៕