ព្រះវិហារ៖នាយកដ្ឋាននីតិកម្មកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពីថ្ងៃទី១៤ ខែធ្នូឆ្នាំ២០២១បើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពវិជ្ជាជីវៈ បច្ចេកទេស សម្រាប់ការធ្វើអាជីវកម្មសម្ភារ កសិកម្មដល់អាជីវករលក់ដុំលក់រាយ ក្នុងខេត្តព្រះវិហារ។
លោក ភុំ រ៉ា ប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម បានបញ្ជាក់ថា វគ្គបំប៉នអប់រំសមត្ថភាពវិជ្ជាជីវៈ នេះ មានគោលបំណងដើម្បីផ្សព្វផ្សាយដល់អាជីរករដែលជាអ្នកផ្គត់ផ្គង់សម្ភារៈ ជី និងថ្នាំកសិកម្មទាំងអស់បានយល់ដឹងអំពីលិខិតបទដ្ឋានគតិយុទ្ធ។ជាមួយនេះដែរក៏ជារួមចំណែកក្នុងការលើកកម្ពស់ ការយល់ដឹងអំពីវិ ធានបច្ចេកទេស នីតិវិធីធ្វើពាណិជ្ជកម្មប្រកបដោយសុវត្ថិភាព និងមានប្រសិទ្ធភាព។
លោក គឹម ពង្សវីរៈ អនុប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបានបញ្ជាក់ ឱ្យដឹងថា ទីតាំងលក់ដុំ លក់រាយថ្នាំ និងជីកសិកម្ម នៅទូទាំងខេត្តព្រះវិហារ សរុបមានចំនួន ១៣០ដេប៉ូ ។ក្នុងនោះ ទីតាំងលក់ថ្នាំកសិកម្ម មានចំនួន ១៦ដេប៉ូ, ទីតាំងលក់ជីកសិកម្ម ចំនួន ១៣ដេប៉ូ និងទីតាំងលក់ចម្រុះមានចំនួន ១០១ដេប៉ូ។
ដោយឡែកផលិតផលថ្នាំកសិកម្ម និងជី កសិកម្មដែលបានចរាចរណ៍លើទីផ្សារក្នុងខេត្ត មានចំនួន ៤២ក្រុមហ៊ុន។ ជាមួយនេះ ក្នុងឆ្នាំ ២០២១មន្ត្រីនីតិកម្មកសិកម្ម នៃមន្ទីរកសិកម្ម បានចុះធ្វើអធិការកិច្ច បានចំនួន១២ លើក។ ជាលទ្ធផលបានត្រួតពិនិត្យចំនួន ៨៣ដេប៉ូហើយបានណែនាំ និងព្រមានផ្ទាល់ មាត់ចំនួន ៩ដេប៉ូ ធ្វើកិច្ចសន្យាកែតម្រូវបានចំនួន ៤៣ដេប៉ូ និងធ្វើការពិន័យអន្ដរការណ៍បាន ចំនួន៦ដេប៉ូ៕