ព័ត៌មានជាតិ

ស្ត្រីផ្ទុកកូវីដ-១៩ សម្រាលកូន ដោយវះកាត់ទទួលជោគជ័យ

ព្រះវិហារ៖ស្ត្រីម្នាក់មានផ្ទុកជំងឺកូវីដ១៩ត្រូវបានក្រុមគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ ជួយសម្រាលកូនដែលមានទម្ងន់៤គីឡូក្រាមដោយវះកាត់ទទួលជោគជ័យកាលពីរសៀលថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០២១។

លោកវេជ្ជបណ្ឌិតគួង ឡូទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារបានថ្លែងថា ស្ត្រីផ្ទុកជំងឺកូវីដ១៩ដែលក្រុមគ្រូពេទ្យជួយសម្រាលកូនដោយវះកាត់ទទួលបានជោគជ័យ។ស្ត្រីនោះឈ្មោះហ៊ុន ដានីអាយុ៤១ឆ្នាំ រស់នៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។នាងបានឆ្លងជំងឺកូវីដ១៩ប្រភេទ Delta កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ និងបានបញ្ជូនមកពីមន្ទីរពេទ្យបង្អែកស្រុកជាំក្សាន្ត កាលពីថ្ងៃទី២៣ ខែកញ្ញា។

លោកវេជ្ជបណ្ឌិតបានបន្តថា ស្ត្រីរូបនេះមានផ្ទៃពោះលើកទី៥ ហើយកូនដែលកើតនេះជាកូនទី៣។ លោកបន្តថា មូលហេតុដែលស្ត្រីរូបនេះសម្រាលកូនដោយវះកាត់នេះគឺទី១ដោយសារស្ត្រីរូបនេះមានផ្ទៃពោះគ្រប់ខែតែមិនអាចសម្រាលបាន។ទី២៖ ទារកក្នុងផ្ទៃមានបេះដូងខ្សោយនិងទី៣ ទារកមានទម្ងន់ធ្ងន់រហូត៤ គីឡូក្រាម។
លោកប្រធានមន្ទីរសុខាភិបាល ក៏ថ្លែងទៀតថា ចាប់តាំងពីជំងឺកូវីដ១៩ ឆ្លងរាលដាលមន្ទីរពេទ្យជួយសម្រាលកូនជូនស្ត្រីផ្ទុកជំងឺកូវីដ១៩បានចំនួន៦នាក់ក្នុងនោះសម្រាលដោយវះកាត់ម្នាក់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *