ព័ត៌មានសន្តិសុខសង្គម

មន្ត្រីជលផល ត្រូវសហការជាមួយសមត្ថកិច្ចគ្រប់ស្ថាប័នជាពិសេសអ្នកសារព័ត៌មានដើម្បីលុបបំបាត់បទល្មើសនេសាទក្នុងរដូវបិទ

កំពង់ធំ ៖ លោក ប៉ែន វណ្ណរិ​ទ្ធ ប្រធាន​មន្ទីរកសិកម្ម​រុក្ខាប្រមាញ់ និង នេសាទ ខេត្ត​កំពង់ធំ បាន ជំរុញ​ឲ្យ​មន្ត្រីរដ្ឋបាល​ជលផល សង្កាត់ពាម​បាង ចុះ​បង្ក្រាប​បទល្មើសនេសាទ ខុសច្បាប់ ក្នុង​រដូវ ត្រីពង​កូន និង អនុវត្ត តាម​សេចក្តីប្រកាស​របស់​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង នេសាទ។

ជាក់ស្តែង មន្ត្រី​នៃ​សង្កាត់​រដ្ឋបាល​ជលផលពាម​បាង បាន​ដឹកនាំ​កម្លាំង​បង្ក្រាប​បទល្មើស​នេសាទ ខុសច្បាប់​ក្នុង​រដូវ​បិទ​នេសាទ នៅ​ថ្ងៃទី១០​ ខែកញ្ញា ​ឆ្នាំ​២០២១ ដោយ​យោង​លិខិត​លេខ​១៣១៦​មក​សិ​ខ​លបប​ចុះ​ថ្ងៃទី​៣០ ខែសីហា ​ឆ្នាំ​២០២១ របស់​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ ខេត្តកំពង់ធំ សហការ​​ជាមួយ​សហគមន៍​នេសាទ​ភូមិ​ដួន​ស្តើង បាន​ចុះ​ទប់​ស្កាត់​បង្ក្រាប​បទល្មើស​ជល​ផល​នៅ​ចំណុច​ខ្វែង​តា​សូ​និង​ចំណុច​ផ្លូវ​ទូក​ស្ថិត​ក្នុង​ភូមិសាស្ត្រ​ឃុំ​ពាម​បាង​ស្រុក​ស្ទោង ខេត្តកំពង់ធំ​។

​លោក ហុក មន នាយរង​សង្កាត់រដ្ឋបាល​ពាម​បាង បាន​ឲ្យ​ដឹង​ពី​ល​ទ្ធ​ផល​ដែល​ទទួលបាន​ពី ការ​បង្ក្រាប គឺ​បាន​រុះរើ​កាប់បំផ្លាញចោល​ឧបករណ៍​នេសាទ មាន​របាំងសាច់​អួន​នៅនឹងកន្លែង​រួមមាន​២​ករណី របាំ​សាច់​អួន​ចំនួន ០៤ របាំង​ប្រវែង ៥៥០​ម៉ែត្រ ​លូ​សាច់​អួន​ចំនួន ០៧ មាត់​ឡុ​កសាច់​អួន​ចំនួន ០៥ គ្រឿង បង្គោល​ឈើ ចំនួន ៤០០ ដើម ​ចាក់​ប្រលែង​ត្រី​ចូល​បឹង​ទម្ងន់ ១៥​គីឡូក្រាម។

ប្រជាពលរដ្ឋ បានសម្តែង​នូវ សេចក្ដីត្រេកអរ នូវ​ចំណាត់ការ​ដ៏ តឹងរ៉ឹង​របស់​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ ដែល​បាន​យកចិត្ត​ទុកដាក់មកលើ កិច្ចការ ការពារ ធនធាន​មច្ឆាជាតិ លុបបំបាត់ ការ​ដាក់​បទល្មើស​នេសាទ ដោយ​ខុសច្បាប់ ជាពិសេស ក្នុង​រដូវ​ហាមឃាត់ ដើម្បី​ឲ្យ​ត្រី​ពង​កូន​។

លោក ប៉ែន វណ្ណ រិ​ទ្ធ ប្រធាន​មន្ទីរកសិកម្មខេត្តបាន​មាន​ប្រសាសន៍​ថា លោក​មិន​អនុញ្ញាតិ​ឲ្យ​មន្ត្រីជលផល​ណា​ពាក់​ព័​ន្ធ​នឹង​ការនេសាទ​ដោយ​ខុសច្បាប់​ឡើយ មន្ត្រីជលផល ត្រូវសហការ ជា មួយ​សមត្ថកិច្ច ជាពិសេសអ្នកសារព័ត៌មាន ដើម្បីចូលរួម​បង្ក្រាប បទល្មើស នេសាទ និង​សូម អគុណ ចំពោះ អ្នក​សារព័ត៌មាន ដែល​បាន​ផ្តល់​ព័ត៌មាន​ពី​ទីតាំង​ដែល​មាន​បទល្មើស និង​ឲ្យ​មាន​កិច្ច​សហការ​គ្នា​ល្អ​បែប​ជា​រៀងរហូត៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *