សៀមរាប៖ តុលាការខេត្តសៀមរាប បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនបុគ្គលពីរនាក់ ដែលហ៊ានបំពានបើកកន្លែងផឹកស៊ីប្រឆាំងការទប់ស្កាត់នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
ជនត្រូវចោទដែលចៅក្រមស៊ើបសួរបង្គាប់ឱ្យឃុំខ្លួនបុរស២រូបនោះឈ្មោះ អាន សត្ថា អាយុ៣៥ឆ្នាំ រស់នៅភូមិស្វាយដង្គំខេត្តសៀមរាបជាថៅកែហាងហេងហេងបាខែង២។ឈ្មោះ សាយ ឡាស្កាហ៍អាយុ៣៣ឆ្នាំ រស់នៅភូមិអង្គ្រងខេត្តសៀមរាបជាមេការហាងមួយនេះ។
ជនទាំង២ត្រូវកម្លាំងនគរបាលខេត្តសៀមរាប បញ្ជូនទៅតុលាការ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ពីបទបើកកន្លែងផឹកស៊ី នៅហាងហេងហេងបាខែង២ក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។
សូមបញ្ជាក់ថា រដ្ឋបាលខេត្តសៀមរាបបានដាក់ចេញវិធានការរដ្ឋបាលនានា ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លង រាលដាលជំងឺកូវីដ-១៩។ ក្នុងនោះ មានការបិទជាបណ្តោះអាសន្ននូវ ការជួបជុំប្រមូលផ្តុំគ្នា ពិសារគ្រឿងស្រវឹងគ្រប់ប្រភេទ និងមណ្ឌលកម្សាន្តមនុស្សពេញវ័យជាដើម។ បុគ្គលណាដែលល្មើសនឹងវិធានការទប់ស្កាត់ ជំងឺកូវីដ-១៩ នឹងត្រូវផ្តន្ទាទោសតាមច្បាប់៕