ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចថៃចាប់ពលរដ្ឋខ្មែរឆ្លងដែន១៤នាក់ នៅគោលដៅផ្សេងគ្នា

បន្ទាយមានជ័យ៖ពលរដ្ឋខ្មែរលួចឆ្លងដែនខុសច្បាប់ចំនួន១១នាក់ត្រូវសមត្ថកិច្ចថៃក្នុងអង្គភាពឈុតខ្មៅទី១៣បានចាប់នៅគោលដៅទី១ក្នុងភូមិថាប់ព្រិកស្រុកអារញ្ញខេត្តស្រះកែវ។ចាប់ពលរដ្ឋខ្មែរ៣នាក់នៅគោលដៅទី២ក្នុងភូមិប៉ារ៉ៃថ្មីឃុំប៉ារ៉ៃស្រុកអារញ្ញខេត្តស្រះកែវកាលពីរសៀលថ្ងៃទី២៤ខែឧសភាឆ្នាំ២០២១។
មន្ត្រីនៅព្រំដែនខ្មែរ-ថៃ បានឱ្យដឹងថា៖ទាហានឈុតខ្មៅថៃបានចាប់ឃុំខ្លួនពលរដ្ឋខ្មែរ ដែលលួចចូលទៅទឹកដីថៃនៅព្រំដែនខេត្តស្រះកែវតាមវិធានការរឹតបន្តឹងនិងទប់ស្កាត់ពលករបរទេសដែលលួចឆ្លងចូលប្រទេសដោយខុសច្បាប់ ក្នុងពេលមានស្ថានការណ៍ការរាតត្បាតជំងឺកូវីដ-១៩។
សមត្ថកិច្ចទាហានឈុតខ្មៅ អង្គភាពទី១៣ក៏បានត្រួតពិនិត្យឃើញ អ្នកលួចឆ្លងដែនចូលប្រទេសថៃខុសច្បាប់គឺជនជាតិខ្មែរចំនួន១១នាក់ចូលតាមច្រកភូមិថាប់ព្រិកឃុំថាប់ព្រិកស្រុកអារញ្ញ ខេត្តស្រះកែវ ទើបចាប់យកមកសាកសួរ។
ក្រោយពីសាកសួរពលរដ្ឋខ្មែរបានឱ្យដឹងថា៖ពួកគាត់ទាំងអស់មកពីខេត្តបាត់ដំបង និងសៀមរាប ប្រទេសកម្ពុជា ចូលមកប្រទេសថៃតាមច្រករបៀង ដើម្បីទៅធ្វើការខាងសំណង់ នៅក្នុងខេត្តឈុនបុរី និងក្រុងបាងកក ។សមត្ថកិច្ចថៃបានឃុំខ្លួននិងធ្វើកំណត់ហេតុ ដោយអនុវត្តតាមវិធានការសុខាភិបាល មុននឹងទំនាក់ទំនងមកភាគីកម្ពុជា ដើម្បីបណ្ដេញត្រឡប់ទៅប្រទេសដើមវិញ។
ប្រភពដដែលបានបន្តថា៖ក្នុងថ្ងៃដដែលសមត្ថកិច្ចកងកម្លាំងបូរផា បានស្កាត់ចាប់ពលរដ្ឋខ្មែរ៣នាក់ផ្សេងទៀតសុទ្ធតែប្រុសទាំងអស់ នៅភូមិប៉ារ៉ៃថ្មី ឃុំប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ ។ ក្រោយសាកសួរពលរដ្ឋខ្មែរនេះបានឱ្យដឹងថា៖ ពួកគេចង់ធ្វើដំណើរចូលមកប្រទេសថៃ ដើម្បីទៅស៊ីឈ្នួលនៅផ្សាររោងគ្លឿប្រទេសថៃ។ពេលទទួលបានចម្លើយនេះ ទើបសមត្ថកិច្ចនាំខ្លួនទៅអនុវត្តតាមវិធានការផ្នែកសុខាភិបាល នៅទីបញ្ជាការដ្ឋានកងរយ១២០៥ ដើម្បីចាត់ការបន្តតាមច្បាប់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *