ភ្នំពេញ៖សមត្ថកិច្ចបានចាប់ជនសង្ស័យ២នាក់ពាក់ព័ន្ធករណីឃាតកម្មលើបុរសម្នាក់ដែលពលរដ្ឋឃើញដេកស្លាប់លើផ្លូវសង្ស័យជាករណីអំពើឃាតកម្ម។ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលនៅមុខផ្សារបឹងទំពុនស្ថិតក្នុងភូមិសន្សំកុសល៣សង្កាត់បឹងទំពុនទី១ខណ្ឌមានជ័យកាលពីម៉ោង៧ព្រឹកថ្ងៃទី២៥ខែឧសភា ឆ្នាំ២០២១។
ពលរដ្ឋបានឱ្យដឹងថា៖សពបុរសរងគ្រោះមានមាឌធំល្មមនិងមានអាយុប្រមាណ៣០ឆ្នាំរងរបួសបែកក្បាលនិងបាក់ជើងដោយមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។ប្រភពដដែលបានបន្តថា៖នៅវេលារំលងអាធ្រាត្របងប្អូនរស់នៅក្បែរកន្លែងកើតហេតុឮសូរសំឡេងម៉ូតូកង់បីជិះចូលទៅកាន់ផ្លូវនោះនិងឮសូរមានសំឡេងស្រែកប្រទូស្តសារ៉ាយគ្នាផង។លុះព្រឹកឡើង ក៏ឃើញមានសពដេកស្លាប់ក្នុងថ្លុកឈាមតែម្តង។សពបុរសនេះពុំមែនជាពលរដ្ឋក្នុងតំបន់នេះទេព្រោះកន្លងទៅពុំធ្លាប់ដែលឃើញ និងស្គាល់ឡើយ ។
ក្រោយមានហេតុការណ៍តែប៉ុន្មានម៉ោងប៉ុណ្ណោះសមត្ថកិច្ចបានស្រាវជ្រាវចាប់ជនសង្ស័យបាន២នាក់ដែលអះអាងជាឃាតករ។ជននេះឈ្មោះ កែវ យិនភីភេទប្រុស អាយុ២៧ឆ្នាំ មានមុខរបរជាអ្នករត់កង់បីបច្ចុប្បន្នស្នាក់នៅភូមិត្នោតជ្រុំ៣សង្កាត់បឹងទំពុន២ខណ្ឌមានជ័យ។ឈ្មោះរ៉េត បញ្ញា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរអាជីវករផ្សារបឹងទំពុនបច្ចុប្បន្នស្នាក់នៅខណ្ឌទួលគោក។
តាមចម្លើយសារភាព របស់ជនសង្ស័យទាំង២នាក់ បានប្រាប់សមត្ថកិច្ចឱ្យដឹងថា៖មូលហេតុដែលពួកគេវាយសម្លាប់ ជនរងគ្រោះរូបនេះ ព្រោះតែពួកគេខឹងជនរងគ្រោះ វាយកញ្ចក់ម៉ូតូកង់បីរបស់ខ្លួនបែក ទើបពួកគេខឹងក៏ជិះម៉ូតូកង់បីដេញវាយសម្លាប់ជនរងគ្រោះតែម្តង។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់។ចំណែកជនរងគ្រោះ សមត្ថកិច្ចបានស្រាវជ្រាវ ស្វែងរកក្រុមគ្រួសារ ៕