ព័ត៌មានអន្តជាតិ

ប្រទេសអារ៉ាប៊ីសាអូឌីត អនុញ្ញាតឲ្យអ្នកដែលបានចាក់វ៉ាក់សាំង ឬមានប្រព័ន្ធភាពសុាំទប់ទល់កូវីដ-១៩ ចូលរួមក្នុងធម្មយាត្រាសអ៊ុំរ៉ស់

រីយ៉ាដ ៖ បើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅព្រឹកថ្ងៃអង្គារ ទី០៦ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា អាជ្ញាធរអារ៉ាប៊ីសាអូឌីត នៅថ្ងៃចន្ទសប្ដាហ៍នេះបានប្រកាសថា មានតែអ្នកដែលបានចាក់វ៉ាក់សាំង ឬមានប្រព័ន្ធភាពសុំាប្រឆាំងនឹង COVID-19 ប៉ុណ្ណោះ នឹងត្រូវបានអនុញ្ញាតឱ្យមកធ្វើធម្មយាត្រាអ៊ុរ៉ស់ (umrah) ដោយចាប់ផ្ដើមពីខែរ៉ាម៉ាឌន ដែលជាខែតមបរិភោគនៅពេលថ្ងៃ សម្រាប់អ្នកមូស្លីម។

ក្រសួងហាជ្ជ (hajj) និងអ៊ុរ៉ស់នៃប្រទេសអារ៉ាប៊ីសាអូឌីត បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថា មនុស្សបីប្រភេទដែលនឹងត្រូវបានអនុញ្ញាតឱ្យធ្វើធម្មយាត្រាអ៉ុរ៉ស់ ក្នុងនោះរួមមានអ្នកដែលបានចាក់វ៉ាក់សាំង ០២ដូស, អ្នកបានចាក់វ៉ាក់សាំងមួយដូសរួចយ៉ាងហោចរយៈពេល ១៤ថ្ងៃ និងមនុស្សដែលបានជាសះស្បើយពី COVID-19។

ក្រសួងខាងលើបានបន្ថែមថា គោលការណ៍នេះនឹងត្រូវចាប់ផ្ដើមអនុវត្តនៅខែរ៉ាម៉ាឌន ដែលនឹងចូលមកដល់នៅក្នុងខែមេសានេះ។ ប៉ុន្តែមិនទាន់មានការបញ្ជាក់ឱ្យច្បាស់ថា តើវានឹងត្រូវអនុវត្តយូរប៉ុណ្ណោះនោះទេ ហើយគេក៏មិនទាន់ដឹងថា តើគោលការណ៍ខាងលើនឹងបន្តអនុវត្ត រហូតដល់ធម្មយាត្រាហាជ្ជនៅក្នុងឆ្នាំនេះ ឬក៏យ៉ាងណានោះដែរ។

គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers គិតត្រឹមថ្ងៃចន្ទម្សិលមិញ អារ៉ាប៊ីសាអូឌីតមានអ្នកឆ្លង COVID-19 ចំនួន៣៩៣,៣៧៧នាក់ ក្នុងនោះស្លាប់ ៦,៧០៤នាក់ និងជាសះស្បើយឡើងវិញ ៣៨០,៣០៥នាក់។ អារ៉ាប៊ីសាអូឌីតដែលមានប្រជាជនជាង ៣៤លាននាក់ បានចាក់វ៉ាក់សាំងជូនប្រជាជនរបស់ខ្លួនបាន ច្រើនជាង៥លានដូសហើយ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *