ព័ត៌មានអន្តជាតិ

យន្តហោះចម្បាំង F-16 របស់យោធាអាមេរិក១គ្រឿង ធ្លាក់ចូលសមុទ្រនៅកូរ៉េខាងត្បូង

សេអ៊ូល៖ យោធាអាមេរិកដែលឈរជើងនៅប្រទេសកូរ៉េខាងត្បូង បានឱ្យដឹងថា នាថ្ងៃពុធនេះ យន្តហោះចម្បាំងអាមេរិក F-16 មួយគ្រឿងទៀត បានធ្លាក់ចូលក្នុងសមុទ្រ នៅក្បែរឆ្នេរភាគខាងលិចកូរ៉េខាងត្បូង ប៉ុន្តែពីឡុតយន្តហោះនោះ ត្រូវបានជួយសង្រ្គោះដោយសុវត្ថិភាព ខណៈវាគឺជាករណីស្រដៀងគ្នាទី២ ដែលបានកើតឡើងក្នុងរយៈពេលត្រឹមប្រមាណ២ខែ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០២៤។

យោធាអាមេរិកបានចេញសេចក្តីថ្លែងការណ៍ថា យន្តហោះចម្បាំង F-16 Fighting Falcon ខាងលើ បានជួបបញ្ហាអំលុងពេលហោះហើរ​នៅលើផ្ទៃសមុទ្រ ហើយក៏បានធ្លាក់ ខណៈពីអ្នកបើកបរ បានចុចកៅអីផ្តាច់ចេញពីយន្តហោះដោយសុវត្ថិភាព ហើយត្រូវបានជួយសង្រ្គោះនៅ​រយៈពេលប្រហែលជា១ម៉ោងក្រោយមក។ ជាមួយគ្នានេះ យោធាអាមេរិកបានអរគុណកិច្ចសហការ របស់ក្រុមភ្នាក់ងារសង្រ្គោះកូរ៉េខាងត្បូង ហើយបាននិយាយថា នាពេលនេះរឿងសំខាន់គឺផ្តោតទៅលើ ការស្វែងរកយន្តហោះដែលធ្លាក់។

គួរបញ្ជាក់ថា ទីក្រុង Gunsan នៅឆ្នេរភាគខាងលិច គឺជាកន្លែងស្ថិតនៅនៃមូលដ្ឋានមួយ ក្នុងចំណោមមូលដ្ឋានទ័ពអាកាសចម្បងទាំង២ ដែលប្រើប្រាស់ដោយយោធាអាមេរិក ក្នុងប្រទេសកូរ៉េខាងត្បូង។ កាលពីខែធ្នូ ចុងឆ្នាំមុន យន្តហោះចម្បាំង F-16 មួយគ្រឿងទៀតរបស់អាមេរិក ក៏បានធ្លាក់នៅកូរ៉េខាងត្បូងផងដែរ អំលុងការហោះហើរហ្វឹកហ្វឺនជាប្រចាំ ហើយពីឡុតត្រូវបានជួយសង្រ្គោះ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *