ព័ត៌មានជាតិ

អ្នកមានវិជ្ជមាន covid-19 សរុប៤៦នាក់និង៤៩១នាក់ទៀត កំពុងធ្វើចត្តាឡីស័កតាមផ្ទះ២៣កន្លែងផ្សេងគ្នានៃ”ព្រឹត្តិការណ៍សង្គម២០កុម្ភៈ”ក្នុងខណ្ឌឫស្សីកែវ

ភ្នំពេញ៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងប្រធានគណៈបញ្ជាការឯកភាពខណ្ឌ បានគូសបញ្ជាក់ថា ក្រុមការងាររដ្ឋបាលខណ្ឌ សហការជាមួយក្រុមការងារក្រសួងសុខាភិបាល បានបន្តរកឃើញអ្នកមានវិជ្ជមានជំងឺកូវីដ១៩ ដែលសុទ្ធសឹងពាក់ព័ន្ធ (ព្រឹត្តិការសហគមន៍២០កុម្ភៈ) រហូតមកទល់ពេលនេះ សរុបចំនួន៤៦នាក់ហើយ នៅក្នុង៦សង្កាត់ ហើយបាននិងកំពុងស្ថិតក្នុងការបន្តព្យាបាលជំងឺយ៉ាងយកចិត្តទុកដាក់ដោយក្រុមគ្រូពេទ្យ។

លោក ជា ពិសី បានគូសបញ្ជាក់ទៀតថា ក្រៅពីរកឃើញអ្នកមានវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន៤៦នាក់ ក្រុមការងារក៏បានរកឃើញអ្នកពាក់ព័ន្ធ សរុបចំនួន៤៩១នាក់ផ្សេងទៀត ដែលកំពុងស្ថិតនៅក្នុងការធ្វើចត្តាឡីស័ក កន្លែងកើតហេតុ និងយកសំណាកពិនិត្យជាបន្តបន្ទាប់ ដោយមានរហូតដល់ទៅ២៩ទីតាំង និងបានបើកជាធម្មតាឡើងវិញ ចំនួន៦កន្លែង និងបានបិទទីតាំងបណ្ដោះអាសន្ន ចំនួន២៣កន្លែង ក្នុង៧សង្កាត់។

ការគូសបញ្ជាក់របស់អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ បានធ្វើឡើងក្នុងពេលលោកដឹកនាំមន្ត្រីក្រោមឱវាទ ចុះចែកស្បៀងអាហារ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅតាមផ្ទះ របស់ប្រជាពលរដ្ឋធ្វើចត្តាឡីស័កពាក់ព័ន្ធ (ព្រឹត្តិការសហគមន៍២០កុម្ភៈ) ចំនួន៥កន្លែងផ្សេងៗគ្នា នាល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *