ព័ត៌មានជាតិ

ប្រកាសចូលកាន់មុខតំណែងអភិបាលរងក្រុង,រងស្រុកចំនួន២និងនាយករដ្ឋបាលក្រុង

ព្រះវិហារ៖នៅព្រឹកថ្ងៃទី១៩ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំពិធីប្រកាសឱ្យចូលកាន់តំណែងអភិបាលរងក្រុងព្រះវិហារ,នាយករដ្ឋបាលសាលាក្រុង, អភិបាលរងស្រុកសង្គមថ្មី, និងអភិបាលរងស្រុកត្បែងមានជ័យ។ដែលពិធីនេះក្រោមវត្តមានលោក មុត ភិសិទ្ធនា អភិបាលរងខេត្តព្រះវិហារ តំណាងលោក ប្រាក់ សុវណ្ណអភិបាលខេត្ត។
លោក ឃិត សុធារ៉ា ឋានន្តរស័ក្កិវរមន្ត្រីថ្នាក់លេខ៣ ពីនាយករដ្ឋបាលសាលាក្រុង ទៅជាអភិបាលក្រុងព្រះវិហារ និងលោកស្រី គង់ សុភីន ឋានន្តរស័ក្កិនាយក្រមការថ្នាក់លេខ៤ ពីអភិបាលរងស្រុកសង្គមថ្មី មកកាន់តំណែងជាអភិបាលរងក្រុងព្រះវិហារ។ ដោយឡែកលោកស្រី ធីម ស្រីនី ឋានន្តរស័ក្កិលេខាធិការរដ្ឋបាលថ្នាក់លេខ៦ ត្រូវកាន់តំណែងជានាយករដ្ឋបាលសាលាក្រុងព្រះវិហារ។
នៅស្រុកសង្គមថ្មី ក៏មានរៀបចំពិធីប្រកាសចូលកាន់តំណែងអភិបាលរងស្រុកផងដែរ ក្នុងនោះលោកស្រី ឌួង ម៉ាណេត អតីតអភិបាលរងក្រុងព្រះវិហារ ត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាលរងស្រុកសង្គមថ្មីវិញ។ពិធីនេះ ស្ថិតក្រោមវត្តមានលោក គោ ស៊ុប៊ុនសឿត អភិបាលរងខេត្តព្រះវិហារ តំណាងលោក ប្រាក់ សុវណ្ណ ដោយមានការចូលរួមពីលោក សំ លាងទ្រី ប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកសង្គមថ្មី។
ចំណែកនៅស្រុកត្បែងមានជ័យ ក៏មានរៀបចំពិធីប្រកាសចូលកាន់តំណែងអភិបាលរងស្រុក ដោយលោក ឡង់ សុបិន្ត ឋានន្តរស័ក្កិនាយក្រមការថ្នាក់លេខ៦ ត្រូវបានតែងតាំងជាអភិបាលរងស្រុកត្បែងមានជ័យ។ ពិធីប្រកាសនេះស្ថិតក្រោមវត្តមានលោក ស៊ូ សិរី អភិបាលរងខេត្តព្រះវិហារ តំណាងលោក ប្រាក់ សុវណ្ណ អភិបាលខេត្ត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *