ភ្នំពេញ៖ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវលោក ជា ពិសី អភិបាលខណ្ឌបានឱ្យដឹងថា៖កាលពីរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៦ និង៣០ នាទី បានរកឃើញអ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ម្នាក់ដែលជាស្ត្រី អាយុ ៣១ ឆ្នាំ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិសាមគ្គី សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ ។នាងបាននិងកំពុងធ្វើការនៅហាង ស៊ីន ឌី សាឡន (អ្នកជំងឺនេះជាប់ពាក់ព័ន្ធនឹង បុរស អាយុ២៦ឆ្នាំ ដែលបានវិជ្ជមានមេរោគកូវីដ១៩ កាលពីយប់មិញ ស្នាក់នៅផ្ទះជួលដូចគ្នាក្នុងកន្លែងតែមួយខាងលើ)។
តាមរយ:គេហទំព័រហ្វេសប៊ុកលោក ជា ពិសី បានឱ្យដឹងបន្ថែមថា បច្ចុប្បន្នអ្នកជំងឺនេះ ត្រូវបានបញ្ជូនទៅព្យាបាល នៅអតីតសណ្ឋាគារអីនធើខនទីណង់តាល់ (The Great Duke)។ ដោយឡែក អ្នកដែលពាក់ព័ន្ធជាមួយអ្នកជំងឺមានចំនួន ៥ នាក់ (ស្រីម្នាក់) ជាចុងក្រោយ អាជ្ញាធរ បានសម្រេចបិទទីតាំងនេះជាបណ្ដោះអាសន្ន៕