Uncategorized

តារាស្រីអ៊ីរ៉ង់ម្នាក់ដែលសម្ដែងភាពយន្តឈ្នះពានរង្វាន់អូស្ការត្រូវកាត់ទោសជាប់គុក៥ខែ

 

​អន្តរជាតិ​៖​តារា​សម្តែង​អ៊ីរ៉ង់​ម្នាក់​ដែល​បាន​សម្តែង​នៅក្នុង​ខ្សែភាពយន្ត​ឈ្នះ​ពានរង្វាន់​អូ​ស្ការ​ត្រូវ​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល​៥​ខែ​ពីបទ​“​ធ្វើ​សកម្មភាព​ឃោសនា​ប្រឆាំងនឹង​រដ្ឋ​”​បន្ទាប់ពី​បង្ហោះ​ឡើងវិញ​នូវ​វីដេអូ​ប៉ូលិស​អនុវត្ត​ខាង​សុជីវធម៌​វាយ​ទៅលើ​ស្ត្រី​ម្នាក់​ដែល​មិន​ស្លៀកពាក់​ឈុត​ហ៊ី​ចាប​។​

​នាង​ថា​រ៉ា​ណេ​អា​លី​ឌូ​ស្ទី​ដែល​សម្តែង​ក្នុង​រឿង​TheSalesman​ដែល​ឈ្នះ​ពានរង្វាន់​“​ខ្សែភាពយន្ត​ភាសាបរទេស​ល្អ​ដាច់​គេ​”​ក្នុង​កម្មវិធី​ប្រគល់​ពាន​អូ​ស្ការ​ក្នុង​ឆ្នាំ​២០១៧​ត្រូវបាន​កាត់ទោស​ជាប់គុក​រយៈពេល ៥​ខែ​ពីបទ​ចែករំលែក​វីដេអូ​មន្ត្រីប៉ូលិស​អនុវត្ត​ខាង​សុជីវធម៌​វាយប្រហារ​ស្ត្រី​ម្នាក់​នៅលើ​ដងផ្លូវ​មួយ​ក្នុងប្រទេស​អ៊ីរ៉ង់​ពីបទ​មិន​ស្លៀកពាក់​ឈុត​ហ៊ី​ចាប​។​

​តារា​សម្តែង​អ៊ីរ៉ង់​លោក​បា​បាក់​ការី​មី​ដែល​បាន​សម្តែង​ជាមួយ​នាង​អា​លី​ឌូ​ស្ទី​ក្នុង​រឿង TheSalesman បាន​ប្រាប់​វេ​ប​សាយ​Variety​ថា​គាត់​បាន​និយាយ​ជាមួយ​តួ​ស្រី​ក្រោយ​មានការ​កាត់ទោស​។​លោក​និយាយថា នាង​យល់ថា​ការកាត់ទោស​នេះ​គឺជា​សកម្មភាព​បំភិតបំភ័យ​ដោយ​របប​អ៊ីរ៉ង់​។​

​បណ្តាញ​ផ្សព្វផ្សាយ​ទូទាំង​ពិភពលោក​ជារឿយៗ​សំដៅទៅ​នាង​អា​លី​ឌូ​ស្ទី​ថា​ជា​“​ណា​តា​លី​ផត​មែន របស់​អ៊ីរ៉ង់​”​ហើយ​នាង​បាន​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ក្នុង​ឆ្នាំ​២០១៦​សម្រាប់​ការបង្ហាញ​ស្នាម​សាក់​នៅក្នុង​សន្និសីទកាសែត​សម្រាប់​ខ្សែភាពយន្ត​TheSalesman​។​នាង​អា​លី​ឌូ​ស្ទី​មិន​រំពឹង​ត្រូវ​ជាប់ពន្ធនាគារ​នោះទេ​ពីព្រោះ​ទោស​របស់​នាង​អាច​ព្យួរ​ពីរ​ឆ្នាំ​។​

​នាង​ត្រូវបាន​តុលាការ​កោះហៅ​នៅ​ថ្ងៃទី​២១​ខែមករា​ឆ្នាំ​២០២០​ប៉ុន្តែ​ក្រោយមក​ត្រូវបាន​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *