Uncategorized

ប៉ូលីសមានវិធានការបែបណាចំពោះអ្នកបង្ហោះព័ត៌មានថាមានករណីបាញ់ប្រហារឧកញ៉ាដេវីដឆាណាវ៉ា?

​ភ្នំពេញ៖ចំពោះ​ការ​បង្ហោះ​រូបភាព​និង​ការសរសេរ​ខ្លឹមសារ​របស់​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក SeylaAAi​ថា​“​អម្បាញ់មិញ​នេះ​មាន​ករណី​បាញ់ប្រហារ​លោក​ឧកញ៉ា​ដេវីត​ឆា​ណា​វ៉ា​?”​កាលពី​រសៀល​ថ្ងៃទី​២៧​ខែមិថុនា​ឆ្នាំ​២០២០​បានធ្វើឱ្យ​ប្រជាពលរដ្ឋ​មានការ​ភ័ន្តច្រឡំ​និង​បង្កឱ្យមាន​ការ​ជ្រួលច្របល់​នៅក្នុង​សង្គម​យ៉ាងខ្លាំង​។

​បន្ទាប់ពី​បង្កឱ្យមាន​ការភ័ន្តច្រឡំ​នោះ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​SeylaAAi​បាន​បញ្ជាក់ថា​រូបភាព​ដែល​ខ្លួន​បង្ហោះ​នេះ​គឺជា​ឈុត​ឆាក​ថតកុន​នោះទេ​មិនមែនជា​ករណី​បាញ់ប្រហារ​ពិត​នោះឡើយ​។​រីឯ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​កូន​មាន​វាសនា​(​របស់លោក​ឧកញ៉ា​ដេវីត​ឆា​ណា​វ៉ា​)​បានសរសេរថា​“​សូមកុំ​ច្រឡំ​ខ្ញុំបាទ​ថត​ខ្សែភាពយន្ត​”​។​
​មជ្ឈដ្ឋាន​មួយចំនួន​បាន​ចោទ​សួរថា​តើ​ពួកគេ​បង្ហោះ​រូបភាព​បែបនេះ​និង​ខ្លឹមសារ​ថា​មានការ​បាញ់ប្រហារ​តើ​ពួកគេ​ចង់បាន​អ្វី​?​ចង់បាន​ការចាប់អារម្មណ៍​ចង់​ល្បី​ឬក៏​ចង់​បំពុលសង្គម​ឱ្យមាន​ការ​ជ្រួលច្របល់​?​។ តើ​សមត្ថកិច្ច​គួរតែមាន​វិធានការ​បែបណា​ចំពោះ​អ្នក​បង្ហោះ​បែបនេះ​?​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ឆាយ​គឹម​ខឿន​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​ថ្លែងថា​ក្នុងនាម​សមត្ថកិច្ច​សូម​សំណូមពរ​ដល់​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ឱ្យមាន​ការពិចារណា​ថា ការ​បង្ហោះ​របស់ខ្លួន​នេះ វា​ធ្វើឱ្យប៉ះពាល់​បង្កចលាចល​ដល់​សង្គម និង​បានបង្ហាញ​ឆ្លុះបញ្ចាំង​ឱ្យ​មជ្ឈដ្ឋាន​ខាងក្រៅ​ឃើញថា សន្តិសុខ​នៅ​កម្ពុ​ជាមាន​បញ្ហា​។​ពេលខ្លះ វា​អាច​ប៉ះពាល់​ដល់​កិត្តិយស​សា​ម៉ី​ខ្លួន​ទៀតផង​។

​សំណូមពរ​ដល់​សាធារណៈជន​ទាំងអស់​និង​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​និង​អ្នក​ចូលចិត្ត​ស៊ែរ​បន្ត​សូម​ពិចារណា​ផង​កុំ​ជ្រួលច្របល់​តាម​ការ​បង្ហោះ​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​និង​សុំ​កុំ​នាំគ្នា​ធ្វើការ​សន្និដ្ឋាន​មុនពេល​សមត្ថកិច្ច​រកឃើញ​ការពិត​។​ស្នើសុំ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ទាំងអស់​បើ​បង្ហោះ​ព័ត៌មាន​អ្វី​ត្រូវ​បញ្ជាក់​ឱ្យបាន​ច្បាស់លាស់​ពេលវេលា​ទីកន្លែង​ផង​។​

​បើសិនជា​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ទេវា​ទៅជា​ពុល​ដល់​សមត្ថកិច្ច​ខំ​ស្រាវជ្រាវ​រក​ពេលខ្លះ​ធ្វើឱ្យ​ពួក​ឱកាសនិយម​ឆ្លៀត​យក​បញ្ហា​នេះ​វ៉ៃ​តម្លៃ​មកលើ​សមត្ថកិច្ច​វ៉ៃ​តម្លៃ​មកលើ​សមត្ថភាព​អាជ្ញាធរ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *