ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមា ញ់ និងនេសាទ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានជុំវិញការផ្អាកនាំចូលត្រីពីប្រទេសជិតខាង ដើម្បីលើកស្ទួយការចិញ្ចឹមត្រីក្នុងស្រុក។
សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា ថ្មីៗនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសង្កេតឃើញថា មានក្រុមអាជីវករនាំចេញ នាំចូលផលផលិតផលជលផលមួយចំនួនមានការមិនពេញចិត្តចំពោះចំណាត់ការនៃការផ្អាកជាបណ្តោះអាសន្ននូវការនាំចូលផលិតផលជលផលដែលអាចផលិតបានក្នុងស្រុកនាពេលកន្លងមក។ ដូចនេះ ដើម្បីដោះស្រាយបញ្ហាខាងលើនៅ ព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំកិច្ចប្រជុំពិភាក្សាជាមួយភាគីពាក់ព័ន្ធរួមមានសមាគមវារីវប្បករនៅកម្ពុជា និងតំណាងអាជីវករនាំចេញ នាំចូលផល ផលិតផល ជលផល និងបានព្រមព្រៀងគ្នាអនុវត្តនូវវិធានការបន្ទាន់មួយចំនួនដូចខាងក្រោម៖
ទី១-សមាគមវារីវប្បករនៅកម្ពុជាត្រូវរៀបចំផ្តល់ជូននូវព័ត៌មានដែល ទាក់ទងទៅនឹងប្រភេទ បរិមាណផល ផលិតផលវារីវប្បកម្មដែលត្រូវដល់ពេលប្រមូលផលនៅ តាមខែនីមួយៗ ដល់អាជីករប្រមូលទិញ នាំចេញ នាំចូលផល ផលិតផលជលផល ដើម្បីចុះប្រមូលទិញផល ផលិតផលជលផលដែលផលិត បានក្នុងស្រុកទាំងនោះសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។
ទី២-តំណាងអាជីករនាំចេញ នាំចូលផល ផលិតផលជលផល បានយល់ព្រមផ្អាកនូវការស្នើសុំនាំចូលប្រភេទត្រីដែលវារីវប្បករផលិតបានច្រើនដូចជា ត្រីប្រា ត្រីពោ ត្រីអណ្តែង និង ត្រីឆ្តោ ព្រមទាំង ប្រភេទត្រីមួយចំនួនទៀតដែលអាចចិញ្ចឹមបានក្នុងស្រុក តាមការជូនដំណឹងរបស់សមាគមវារីវប្បករនៅកម្ពុជា។
ទី៣-តំណាងអាជីករនាំចេញ នាំចូលផល ផលិតផលជលផល បានឯកភាពក្នុងការបង្កើតនូវសមាគម និងបណ្តុំអ្នកប្រមូលទិញផល ផលិតផលជលនៅតាមតំបន់ ដើម្បីប្រមូលទិញផល ផលិតផលជលផលដែលផលិតបានក្នុងស្រុក។
ទី៤-ចំពោះការនាំឆ្លងកាត់ផល ផលិតផលជលផល តំណាងអាជីករនាំចេញ នាំចូលផល ផលិតផលជលផល ធានាថានឹងមានការចុះបញ្ជីទទួលស្គាល់នៅដើមទីនិងចុងទីពីមន្រ្តីជលផលមានសមត្ថកិច្ច និងធានាថាមិនមានការទម្លាក់ចែកចាយផល ផលិតផលជលផលឆ្លងកាត់នេះចូលទៅក្នុងទីផ្សារក្នុងស្រុកឡើយ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សង្ឃឹមយ៉ាងមុតមាំថា វារីវប្បករ អាជីវករនាំចេញ នាំចូលផល ផលិតផលជលផលទាំងអស់សាធារណជន ក៏ដូចជាបណ្តាញសារព័ត៌មាននានា មេត្តាជ្រាប ព្រមទាំងផ្តល់កិច្ចសហការ ជាមួយ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការបំពេញភារកិច្ចនេះឱ្យបានល្អប្រសើរ ដើម្បីជាប្រយោជន៍ក្នុងការ ចូលរួមដល់ការអភិវឌ្ឍវារីវប្បកម្មនៅកម្ពុជា៕