កំពង់ចាម៖ដើម្បីលើកសោភ័ណ្ឌភាពក្រុងកំពង់ចាមឱ្យកាន់តែមានភាពទាក់ទាញសម្រាប់វិស័យទេសចរណ៍គឺអាជ្ញាធរខេត្តបានសម្រេចបញ្ចេញថវិកាកែច្នៃចាក់អ៊ុតក្រាលកៅប្រភេទអារសេ(AC)មួយខ្សែបន្ថែមទៀតក្រោយពីបានអនុវត្តរួចរាល់១០០ភាគរយចំនួនបីខ្សែនាសប្តាហ៍កន្លងទៅ។
មន្ត្រីសាលាខេត្តកំពង់ចាមបាននិយាយនៅរសៀលថ្ងៃទី២៣ខែធ្នូឆ្នាំ២០២០ថា៖រដ្ឋបាលខេត្តបានសម្រេចបញ្ចេញថវិកាសម្រាប់គម្រោងឆ្នាំ២០២០ដើម្បីចាក់អ៊ុតផ្លូវក្រាលកៅស៊ូអារសេខ្សែទី៤ប្រវែង៨៤០ម៉ែត្រនិងទទឹង៨ម៉ែត្រលើកំណាត់ផ្លូវកម្ពុជាក្រោមចាប់ពីរង្វង់មូល១-៧៩រហូតដល់ផ្សារបឹងកុកស្ថិតនៅសង្កាត់បឹងកុក ក្រុងកំពង់ចាម។
មន្ត្រីដដែលបានបន្តថា៖ជាមួយនោះកាលពីរសៀលថ្ងៃទី២៣ធ្នូលោកអ៊ុនចាន់ដាអភិបាលខេត្តកំពង់ចាមនិងអមដំណើរដោយលោកឃនប្រុសនាយករដ្ឋបាលសាលាខេត្តបានដឹកនាំមន្ត្រីពាក់ព័ន្ធចុះត្រួតពិនិត្យការដ្ឋាននេះ។ដោយលោកអភិបាលខេត្តបានសុំការយោគយល់អធ្យាស្រ័យពីសំណាក់ប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវជាការដ្ឋាននិងអ្នកដំណើរទាំងអស់ចំពោះផលប៉ះពាល់ដោយប្រការណាមួយ រហូតបញ្ចប់ការដ្ឋាននេះ។
គួរបញ្ជាក់ថានៅចុងឆ្នាំ២០២០នេះរដ្ឋបាលខេត្តកំពង់ចាមបានសម្រេចបញ្ចេញថវិកាជួសជុលស្តារឡើងវិញពីផ្លូវក្រាលកៅស៊ូធម្មតាក្លាយជាផ្លូវប្រភេទកៅស៊ូអារសេចំនួនបួនខ្សែដែលមានប្រវែងសរុបចំនួន៣.៦៨៥ម៉ែត្រដើម្បីក្រុងកំពង់ចាមកាន់តែមានសោភ័ណ្ឌភាពសក្តិសមជាទីក្រុងជ័យលាភីរំដួលបីទង៕សហការី