ខេត្តតាកែវ៖អភិបាលខេត្តតាកែវបានលើកទឹកចិត្តទៅដល់ក្មួយៗដែលកំពុងស្នាក់នៅក្នុងមណ្ឌលកុមារកំព្រាខេត្តតាកែវឱ្យខិតខំប្រឹងប្រែងរៀនសូត្របានពូកែដើម្បីក្លាយជាធនធានមនុស្សសម្រាប់សង្គមជាតិទៅថ្ងៃខាងមុខ។”មានតែការសិក្សាទេទើបអាចផ្លាស់ប្តូរជីវិតក្មួយៗឱ្យមានភាពល្អប្រសើរបាន” ។
លោកអ៊ូចភាអភិបាលខេត្តតាកែវបានថ្លែងខណៈក្មួយៗដែលមកទទួលអំណោយជាបរិភោគកាលពីរសៀលថ្ងៃទី២៣ខែធ្នូឆ្នាំ២០២០នៅឯមណ្ឌលកុមារកំព្រាខេត្តតាកែវដែលមានទីតាំងស្ថិតនៅភូមិ៣សង្កាត់រកាក្នុងក្រុងដូនកែវខេត្តតាកែវ។
លោកអ៊ូចភាអភិបាលបានបន្តថា”ការខិតខំរៀនសូត្រនិងស្តាប់តាមដំបូន្មានលោកគ្រូអ្នកគ្រូក៏ដូចជាស្តាប់តាមការណែនាំរបស់ចាស់ព្រឹទ្ធិចារ្យនៅក្នុងមណ្ឌលវានឹងនាំឱ្យក្មួយៗក្លាយជាកូនល្អមិត្តល្អនិងសិស្សល្អ។មិនតែប៉ុណ្ណោះក្មួយៗប្រាកដជាមានអនាគត់ល្អពិសេសវាសនារបស់ក្មួយនឹងផ្លាស់ប្តូរប្រសើរឡើង” ។
អភិបាលខេត្តក៏បានណែនាំដល់គណៈគ្រប់គ្រងមណ្ឌលឱ្យបន្តអនុវត្តនូវវិធានការអនាម័យដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវី១៩និងណែនាំឱ្យក្មួយៗត្រូវថែទាំសុខភាពដោយត្រូវអនុវត្តនូវវិធានការអនាម័យនិងវិធានការនានាតាមការណែនាំដល់របស់ក្រសួងសុខាភិបាល។សម្ភារដែលបានយកប្រគល់ជូននាឱកាសនោះរួមមាន៖ អង្ករ ១តោន មីកំប៉ុង ២០កេស ទឹកបរិសុទ្ធ ១០កេស និងទឹកក្រូច ១០កេសផងដែរ៕សហការី