ព័ត៌មានអន្តជាតិ

មនុស្សជាង១លាននាក់ រងផលប៉ះពាល់ដោយទឹកជំនន់ នៅសូដង់ខាងត្បូង

ព័ត៌មនាអន្តរជាតិ៖ទឹកជំនន់មហាបំផ្លេចបំផ្លាញដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារផ្នែកជាច្រើននៃប្រទេសស៊ូដង់ខាងត្បូងបង្កប៉ះពាល់ដល់មនុស្សជាង ១លាននាក់។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua នៅថ្ងៃទី២០ខែតុលានេះ។
ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយនៅក្នុងការអាប់ដេត ចេញផ្សាយនៅទីក្រុងJuba រដ្ឋធានីនៃប្រទេសស៊ូដង់ខាងត្បូង ថា៖ ទឹកជំនន់បានធ្វើឱ្យមនុស្សជាង២៧ម៉ឺននាក់ផ្លាស់ទីលំនៅនៅក្នុងស្រុកចំនួន៤២នៃស្រុកសរុបចំនួន៧៨ទូទាំងប្រទេស។
ទីភ្នាក់ងារអង្គការសហប្រជាជាតិបាននិយាយថា ៤០ភាគរយនៃចំនួនប្រជាជនដែលរងផលប៉ះពាល់គឺមកពីភាគខាងជើងតំបន់Bahr el Ghazal និងរដ្ឋ Unity ខណៈអង្គការសហប្រជាជាតិបានព្យាករណ៍ថាទឹកជំនន់ដែលមិនធ្លាប់មានពីមុនមកអាចប៉ះពាល់ដល់មនុស្សរហូតដល់៣.៣ លាននាក់នៅចន្លោះខែកញ្ញាដល់ខែធ្នូ។ លើសពីនេះភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់បានធ្វើឱ្យផ្លូវផ្គត់ផ្គង់សំខាន់ៗចំនួន១៥ ត្រូវបានកាត់ផ្ដាច់ដែលធ្វើឲ្យការផ្គត់ផ្គង់ជំនួយកាន់តែពិបាកទៅដល់តំបន់តែរងគ្រោះ។
ប្រទេសស៊ូដង់ខាងត្បូងកំពុងប្រឈមមុខនឹងទឹកជំនន់ដែលមិនធ្លាប់មានពីមុនមក ជាមួយនឹងការព្យាករណ៍ពីទឹកភ្លៀងលើសពីមធ្យមភាគ ទឹកទន្លេហូរចេញពីប្រទេសអ៊ូហ្គង់ដា និងទឹកជំនន់ដែលអាចបំបែកកំណត់ត្រាមិនធ្លាប់មាន។ ក្នុងនោះប្រទេសនេះក៍គឺជាចំណុចក្តៅនៃភាពអត់ឃ្លានក្នុងចំណោមប្រទេសចំនួន១៨ នៅទូទាំងពិភពលោក ដែលបញ្ហាសន្តិសុខស្បៀងកាន់តែយ៉ាប់យ៉ឺន។ នេះបើយោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *