ភ្នំពេញ៖ សមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលជ័យជំនះ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានចុះចាប់ខ្លួនបុរសជនជាតិចិនម្នាក់ បន្ទាប់ពីធ្វើសកម្មភាពយកកាំបិតចុងស្រួចបម្រុងចាក់សម្លាប់នារីម្នាក់នៅក្នុងហាងភីហ្សា ស្ថិតនៅតាមផ្លូវលេខ១៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញកាលពីវេលាម៉ោង៨យប់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤។
ប្រភពព័ត៌មានកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេបានឃើញបុរសចិនម្នាក់ដែលនៅក្នុងដៃមានកាន់កាំបិតចុងស្រួច១ហើយដើរសំដៅទៅហាងលក់ភីហ្សាមួយកន្លែងដោយមិនដឹងច្បាស់ថាកំពុងស្ថិតក្នុងស្ថានភាពស្រវឹងឬបែកថ្នាំនោះទេព្រោះគេបានឃើញបុរសចិនខាងលើ ធ្វើសកម្មភាពយកកាំបិតចុងស្រួចនោះទៅភ្ចង់នារីម្នាក់ដែលជាអ្នកលក់នៅក្នុងហាងភីហ្សាខាងលើដែលមានផ្លាកយីហោរ៉ូម៉ាណូ អ៊ីតាលៀន ភីហ្សា។
ប្រភពដដែលបានបន្ដថា ខណៈពេលជនជាតិចិនខាងលើយកកាំបិតភ្ចង់ បម្រុងចាក់កនារីរងគ្រោះនោះបុគ្គលិកនិងប្តីរបស់គាត់បានឃើញទាន់ពេលក៏បានប្រតាយប្រតប់ រហូតជ្រុះកាំបិតពីដៃរួចវាយជនជាតិចិននោះអោយរបួសបែកក្បាលព្រមទាំងទាក់ទងទៅកាន់សមត្ថកិច្ចឱ្យជួយធ្វើអន្តរាគមន៍ភ្លាមៗ៕
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចក៏បាននាំខ្លួនជនជាតិចិនខាងលើយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះដើម្បីធ្វើការសាកសួរនិងអនុវត្តបន្តតាមនីតិវិធីច្បាប់នៅពេលក្រោយ៕