ព័ត៌មានជាតិ

សម្ដេចហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបើក “វេទិកាសហគ្រិនឆ្នើមនិង ពានរង្វាន់បណ្ដាញសហគ្រិនស្ត្រីឆ្នើមអាស៊ាន(AWEN)ឆ្នាំ ២០២៤”

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ វេទិកានេះជាឱកាសល្អដែលនាំឱ្យកម្ពុជាកាន់តែមានភាពលេចធ្លោក្នុងតំបន់អាស៊ាន និងពិភពលោកតាមរយៈការបង្ហាញពីសក្តានុពលរបស់ខ្លួនដើម្បីទាក់ទាញវិនិយោគិនពីបណ្តាប្រទេសនានា និងចូលរួមទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាព្រះរាជាណាចក្រកម្ពុជា។ ប្រធានបទសម្រាប់ឆ្នាំនេះនឹងផ្តោតជាសំខាន់ទៅលើកិច្ចពិភាក្សាលើការធ្វើជំនួញ និងការធ្វើពាណិជ្ជកម្ម។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា លើកឡើងថា ៖ វេទិកាបណ្តាញសហគ្រិនស្រ្តីឆ្នើមអាស៊ាន និងពានរង្វាន់សហគ្រិនស្រ្តីឆ្នើមអាស៊ានត្រូវបានបង្កើតឡើងក្នុងគោលបំណងឱ្យស្ត្រីនៅក្នុងវិស័យសេដ្ឋកិច្ចទាំងអស់នៅក្នុងរដ្ឋជាសមាជិកអាស៊ានផ្ដោតលើ៖ ការបង្កើតវេទិកាក្នុងតំបន់ ការគាំទ្រសហគ្រិនស្ត្រីអាស៊ានឱ្យមានលទ្ធភាពទទួលបានគ្រឹះស្ថានហិរញ្ញវត្ថុកាន់តែប្រសើរឡើង ផ្តល់ឱកាសឱ្យសហគ្រិនទាំងនេះបង្កើតបណ្តាញសហគមន៍យ៉ាងរឹងមាំមួយ បង្កើតមូលនិធិសម្រាប់គំនិតអាជីវកម្មច្នៃប្រឌិតនានាឱ្យទទួលបានជោគជ័យ។ ចំណែកពានរង្វាន់សហគ្រិនស្រ្តីឆ្នើមអាស៊ានត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៥មក ដែលក្នុងនោះសហគ្រិនស្ត្រីឆ្នើមអាស៊ានជិត១០០០នាក់បានទទួលពានរង្វាន់នេះ។ រីឯសហគ្រិនស្រ្តីឆ្នើមកម្ពុជាលើសពី៦០នាក់បានទទួលបានពាននៅក្នុងឱកាសចូលរួមវេទិកាដែលត្រូវបានរៀបចំឡើងនៅក្នុងប្រទេសអាស៊ាន។ ចំណែកឆ្នាំនេះ សហគ្រិនស្ត្រីឆ្នើមអាស៊ានចំនួន២២រូបក្នុងចំណោមបេក្ខភាពសហគ្រិនស្ត្រីសរុប២៩រូប នឹងទទួលបានពានរង្វាន់ពីវេទិកានេះ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *