Uncategorized

ប្រកាសទេភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ

 

ខេត្តកំពង់ស្ពឺ៖កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជា គណៈអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដែលកម្មវិធីប្រារព្ធធ្វើឡើងនៅរដ្ឋបាលសាលាខេត្តកំពង់ស្ពឺ។
ថ្លែងក្នុងឱកាសនោះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល ដែលសម្រេចបាននាពេលកន្លងមករបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សម សាមួន ដែលបានបំពេញភារកិច្ចជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ។ ជាមួយគ្នានោះឯកឧត្តមក៏បានអបអរសាទរលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ដែលត្រូវបានតែងតាំងជាស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។

លោក វ៉ី សំណាង ក្នុងនាមគណៈបញ្ជាការឯកភាពខេត្ត បានធ្វើការផ្តាំផ្ញើដល់ស្នងការនគរបាលខេត្តថ្មីត្រូវបន្តចូលរួមថែរក្សា និងការពាសេចក្តីសុខសន្តិភាពជូនប្រជាពលរដ្ឋទូទាំងខេត្តកំពង់ស្ពឺ ជាមួយគ្នានោះត្រូវបន្តខិតខំសហការបង្ក្រាបបទល្មើសគ្រប់ប្រភេទក្នុងមូលដ្ឋានខេត្ត ជាពិសេសបទល្មើសគ្រឿងញៀន ព្រមទាំងសកម្មភាពក្មេងទំនើងដែលត្រូវយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចដែលរាជរដ្ឋាភិបាលបានប្រគល់ជូន។

លោកអភិបាលខេត្ត ក៏បានផ្តល់អនុសាសន៍ឲ្យស្នងការនគរបាលខេត្តរក្សា និងពង្រឹងសាមគ្គីភាពផ្ទៃក្នុង គោរពវិន័យ បទបញ្ចារបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ ទន្ទឹមនោះត្រូវបង្កើនជំនឿជឿជាក់ដល់ប្រជាពលរដ្ឋ បម្រើសេវាសាធារណៈក៏ដូចជាជួយយកអាសាប្រជាពលរដ្ឋ សំដៅធានាថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងជាពិសេសការពារដល់អ្នកវិនិយោគនៅក្នុងខេត្ត។

ជាមួយគ្នានោះ លោកអភិបាលខេត្តកំពង់ស្ពឺ បានអំពាវនាវដល់កងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្តគាំទ្រដល់រដ្ឋបាលអភិបាលខេត្ត ដើម្បីភាពរីកចំរើន និងភាពសុខដុមរបស់ប្រជាពលរដ្ឋក្នុងខេត្តទាំងមូល។
ពីវេទិកាអធិបតី នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានគាំទ្ររបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងឯកភាពចំពោះការប្តេជ្ញាចិត្តរបស់ស្នងការនគរបាលខេត្តកំពង់ស្ពឺថ្មី លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ដែលចូលកាន់តំណែងក្នុងថ្ងៃនេះ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានឯកភាពនូវប្រសាសន៍ផ្តាំផ្ញើរបស់ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ឲ្យស្នងការនគរបាលថ្មីដើម្បីយកទៅអនុវត្តភារកិច្ចឲ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល សំដៅរួមគ្នារក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ពិសេសអភិវឌ្ឍខេត្តកំពង់ស្ពឺ ឲ្យមានភាពរីកចំរើន។នាយឧត្តមសេនីយ៍ ស ថេត បានណែនាំឲ្យស្នងការនគរបាលខេត្តកំពង់ស្ពឺថ្មី ត្រូវធ្វើជាសេនាធិការគ្រប់ជ្រុងជ្រោយដល់គណៈបញ្ជាការឯកភាពខេត្ត ដើម្បីរំលេចចេញនូវស្នាដៃរបស់កងកម្លាំងនគរបាល។ ឯកឧត្តម ក៏បានគូសបញ្ជាក់ថា នគរបាលជាតិបានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ទន្ទឹមនោះក៏ត្រូវសហការជាមួយកងកម្លាំងសមត្កិច្ច មន្ទីរ អង្គភាពពាក់ព័ន្ធ ពិសេសស្ថាប័នតុលាការទើបការងារអាចសម្រេចបានរលូនទៅមុខសំដៅរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពល្អនៅក្នុងទូទាំងខេត្ត ដើម្បីធានាដល់ការអភិវឌ្ឍ។ឆ្លៀតក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានរំលេច ក៏ដូចជារំលឹកនូវស្នាដៃល្អៗដែលកងកម្លាំងនគរបាលជាតិទូទាំងប្រទេស បានបំពេញកន្លងមកដែលក្នុងនោះរួមមាន៖ កិច្ចការពារកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ, កិច្ចការពារព្រឹត្តិការណ៍នៃការប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម, កិច្ចការពារការបោះឆ្នោត និងសង្ក្រាន្តឆ្នាំថ្មីដែលទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងនោះកងកម្លាំងនគរបាលជាតិបានសម្របសម្រួលរៀបចំកិច្ចការពារឲ្យកម្មវិធីទាំងនោះបានសម្រេចទៅដោយភាពសប្បាយរីករាយក្រោមម្លប់សន្តិភាព។

ដើម្បីបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសឲ្យមានប្រសិទ្ធភាព នាយឧត្តមសេនីយ៍ ស ថេត បានណែនាំដល់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ត្រូវចេះធ្វើការព្យាករណ៍សភាពការណ៍ កសាងផែនការជាក់ស្តែង ពិសេសការចាត់តាំងអនុវត្ត។ ជាមួយគ្នានោះ លោកអគ្គស្នងការនគរបាលជាតិ ក៏បានផ្តល់អនុសាសន៍ដល់ស្នងការនគរបាលខេត្តកំពង់ស្ពឺថ្មី ត្រូវយកគំរូតាមស្នងការនគរបាលខេត្តចាស់ ក្នុងការបញ្ជាដឹកនាំកងកម្លាំង និងការកៀគរសប្បុរសជនដើម្បីអភិវឌ្ឍនៅក្នុងស្នងការដ្ឋាន។

នាយឧត្តមសេនីយ៍ ស ថេត លើកឡើងថា ករណីគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងកន្លងមកក្នុងខេត្តកំពង់ស្ពឺ ដោយសារជាខេត្តសេដ្ឋកិច្ចមានតំបន់រោងចក្រច្រើន ដូច្នេះត្រូវហៅអ្នកបើកបររថយន្តដឹកកម្មករមកផ្សព្វផ្សាយណែនាំអប់រំអំពីច្បាប់ចរាចរណ៍ ព្រមទាំងពិនិត្យបច្ចេកទេសយាន្តយន្តផងដែរ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *