ព័ត៌មានជាតិ

នៅខេត្តកំពង់ឆ្នាំង មានឡូត៍នេសាទចំនួន៧ ដែលមានសក្ដានុពលក្នុងការអភិរក្សត្រីពូជ ត្រូវបានជ្រើសរើសជាទីតាំងជម្រកពូជត្រីថ្នាក់ជាតិ

(កំពង់ឆ្នាំង)៖ លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២ ខែមីនាឆ្នាំ ២០២៤ បានប្រាប់បណ្ដាញសារព័ត៌មាន pla new ដឹងថានៅក្នុងខេត្តកំពង់ឆ្នាំងមានសហគមន៍នេសាទចំនួន៦៣ ក្រោយពីរាជរដ្ឋាភិបាល ប្រកាសរំសាយឡូនេសាទទាំងអស់ក្នុងខេត្តកំពង់ឆ្នាំងរួចមក ក៏បានជ្រើសរើសអតីតឡូនេសាទចុះចំនួន៧ ក្នុងខេត្តកំពង់ឆ្នាំងនេះដែលមានសក្ដានុពលសម្រាប់ជាជម្រកត្រីពូជទុកសម្រាប់អភិរក្សមេពូជត្រីថ្នាក់ជាតិ ទាំងរដូវប្រាំង រដូវវស្សា។ ក្នុងនោះមានអតីតឡូត៍នេសាទលេខ១, ឡូត៍នេសាទលេខ៥,ឡូត៍នេសាទលេខ៩, ឡូត៍នេសាទលេខ ១០, ឡូត៍នេសាទលេខ១២, ឡូត៍នេសាទលេខ ១៦, និងឡូត៍នេសាទលេខ១៧ ។

ការអភិរក្សពូជត្រីនៅតាមបណ្ដាអតីតឡូនេសាទដែលមានសក្ដានុពលសម្រាប់ជាជម្រកពូជត្រី ក្នុងរដូវប្រាំងទាំងអស់នេះ គឺមន្ត្រីរដ្ឋបាលជលផលនិងសហគមន៍តែងបាទអនុវត្តធ្វើឡើងជារៀងរាល់ឆ្នាំ នៅតាមបណ្ដាអតីតឡូនេសាទមួយចំនួនដែលមានអន្លង់ទឹកជ្រៅៗ ដែលអាចជាជម្រករបស់មេត្រីពូជបាន

មន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង និងសហគមន៍នេសាទ នៅតែបន្តការថែរក្សា និងអភិរក្សមេពូជត្រីគ្រប់ប្រភេទនៅតាមបណ្ដាអតីតឡូត៍នេសាទមួយចំនួន ដែលមានសក្តានុពលក្នុងការអភិរក្សមេពូជត្រី ដើម្បីបន្តពូជពង្សក្នុងបឹងទន្លេសាបឱ្យសម្បូរឡើងវិញ។

លោកនាយខណ្ឌរដ្ឋបាលជលផល បានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះអតីតឡូត៍នេសាទទាំង៧ទីតាំងដូចបានរៀបរាប់ខាងលើនេះ គឺសហគមន៍បាននៅប្រចាំការជាប់ជាប្រចាំ ហើយពួកគាត់ក៏បានអូស យកកំប្លោកឬគល់ឈើ និងមែកឈើងាប់ៗយកមកដាក់គរជាច្រើនកន្លែងទុកសម្រាប់ជាជម្រកត្រី និងបានសង់ជារោងសម្រាប់សហគមន៍នៅប្រចាំការ និងការពារទាំងយប់ទាំងថ្ងៃយ៉ាងត្រឹមត្រូវទៀតផង ដែលមិនមានជនណាម្នាក់ហ៊ាន ចូលធ្វើការនេសាទនៅក្នុងដែនអភិរក្សមេពូជត្រីទាំង៧ទីតាំងខាងលើនេះឡើយ។

លោកបញ្ជាក់ថា ដោយឡែកអតីតឡូត៍នេសាទលេខ១ ដែលពីមុនមកគ្រប់គ្រងដោយសហគមន៍ផ្សេង តែបច្ចុប្បន្ននេះក៏ជាកន្លែងអភិរក្សត្រីមេពូជ ថ្នាក់ជាតិផងដែរ ដែលទីតាំងទាំងអស់នេះត្រូវបានការពារយ៉ាងម៉ត់ចត់។

ដោយឡែកនៅក្នុងដែនអតីតឡូត៍នេសាទលេខ១នេះដែរ គឺគេបានជ្រើសរើសទីតាំងចំនួន៣កន្លែង ដែលមានអន្លុងទឹកជ្រៅៗសម្រាប់ជាជម្រកត្រីមេពូជជ្រកក្នុងរដូវប្រាំង ហើយបច្ចុប្បន្ននេះ គឺសហគមន៍បានរៀបចំទាំង៣ទីតាំងនេះ ដោយបានអូសប្រមូលកំប្លោកនិងគល់ឈើ មែកឈើងាប់ៗ យកមកដាក់គរទុកសម្រាប់ជាជម្រកត្រីមេពូជជ្រកនោះដោយមានបោះបង្គោល និងដោតខ្ទង់ជាចំណាំផងដែរ។ តែបើយើងមិនដឹងមើលទៅទីនោះហាក់ដូចជាគំនរសម្រាស់ មែកឈើរបស់ក្រុមឈ្មួញ ឬជនល្មើសដែលគេដាក់សម្រាប់ទុកហ៊ុំព័ទ្ធចាប់ត្រីនៅក្នុងដែនអភិរក្សពូជត្រីខាងលើនេះ។

ហេតុនេះលោកនាយខណ្ឌរដ្ឋបាលជលផល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានផងដែរត្រូវរួមសហការគ្នា ប្រសិនបើបងប្អូនប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានប្រទះឃើញ ក្រុមឈ្មួញនិងជនខិលខូចឆ្លៀត ឱកាសធ្វើការ នេសាទ ដូចជាការការហ៊ុំសម្រាស់ចាប់ត្រី អូសអួន ឬក៏ប្រើឧបករណ៍នេសាទផ្សេងៗទៀតនៅក្នុងដែនអភិរក្សត្រីមេពូជទាំង៧ទីតាំងដូចបានរៀបរាប់ខាងលើនេះសូមប្រញា ប់រាយការណ៍មកមន្ត្រីជំនាញ រដ្ឋបាលជលផល ឬក៏រាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ដែលនៅជិតទីតាំងកើតហេតុ ដើម្បីឱ្យសមត្ថកិច្ចសហការជាមួយមន្ត្រីជំនាញចុះបង្ក្រាបឲ្យបានទាន់ពេល៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *