ព័ត៌មានសន្តិសុខសង្គម

អាជ្ញាធរខេត្តព្រះវិហារ អំពាវនាវឲ្យប្រជាពលរដ្ឋ ដែលអាស្រ័យផលលើដីរដ្ឋ ដែលបានចុះបញ្ជីជូនក្រុមហ៊ុនចំការអំពៅ ត្រូវបញ្ឈប់សកម្មភាព

(ព្រះវិហារ)៖ អាជ្ញាធរខេត្តព្រះវិហារ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលចូលអាស្រ័យផលដាំដំណាំផ្សេងៗ លើដីរដ្ឋដែលបានចុះបញ្ជីរួចជូនក្រុមហ៊ុនវិនិយោគចំការអំពៅរបស់ចិន សូមបញ្ឈប់សកម្មភាពដាំដុះ ដោយសារក្រុមហ៊ុនចាប់ផ្តើមដំណើរការដាំដំណាំកសិឧស្សាហកម្មផ្សេងៗឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ។

ការចេញអំពាវនាវរបស់អាជ្ញាធរខេត្តព្រះវិហារ បានធ្វើឡើងក្នុងអង្គសន្និសីទសារព័ត៌មានមួយនារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ក្រោមវត្តមាន លោក ណុប វុទ្ធី អភិបាលរងខេត្តព្រះវិហារ តំណាងលោក គីម រិទ្ធី អភិបាលខេត្ត ដោយមានការចូលរួមពីលោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ ព្រមទាំងតំណាងមន្ទីររៀបចំដែនដីនគរូបនីយ៍កម្ម សំណង់ និងសុរិយោដីខេត្ត តំណាងមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត លោកអភិបាលស្រុកឆែប និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

លោក ណុប វុទ្ធី អភិបាលរងខេត្តព្រះវិហារ បានលើកឡើងពីប្រវត្តិសវតា នៃដំណើរការកិច្ចសន្យារវាងក្រុមហ៊ុនចំការអំពៅចិនទាំង៥ ដែលបានចុះកិច្ចសន្យាជួលដីរដ្ឋដែលបានចុះបញ្ជីរួចធ្វើការវិនិយោគដាំដំណាំអំពៅ និងដំណាំកសិឧស្សាហកម្មផ្សេងៗ លើកិច្ចសន្យារយះពេល៥០ឆ្នាំ លើផ្ទៃដីដែលបានចុះបញ្ជីរួចចំនួន២០១៧៨.៧២ហិកតា។

ក្រុមហ៊ុនចិនទាំង៥ ដែលទទួលបានសិទ្ធវិយោគរួមមាន៖

*ក្រុមហ៊ុន ឡាន ហ្វេង ធ្វើការវិនិយោគស្ថិតក្នុងស្រុកជ័យសែន និងស្រុកត្បែងមានជ័យ
*ក្រុមហ៊ុន ហេង ណុក វិនិយោគនៅស្រុកជ័យសែន
*ក្រុមហ៊ុន រួយ ហ្វេង វិនិយោគនៅស្រុកជ័យសែន និងស្រុកឆែប
*ក្រុមហ៊ុន ហេង យូ វិនិយោគនៅស្រុកឆែប
*ក្រុមហ៊ុន ហេង រ៉យ វិនិយោគនៅស្រុកឆែប។

លោក ណុប វុទ្ធី បានថ្លែងបញ្ជាក់ទៀតថា ក្នុងអំឡុងនៃវិបត្តិនៃជំងឺកូវីដ១៩ ក្រុមហ៊ុនទាំងនោះបានផ្អាកសហកម្មភាពដាំដុះដំណាំជាបណ្តោះអាសន្ន ជាហេតុធ្វើឱ្យដីទំនេរបណ្តាលឱ្យបងប្អូនប្រជាពលរដ្ឋយើងមួយចំនួន បានចូលអាស្រ័យផលដាំដំណាំផ្សេងៗ ប៉ុន្តែដោយការយោគយល់របស់អាជ្ញាធរខេត្តព្រះវិហារ គឺបានឱ្យបងប្អូនប្រជាពលរដ្ឋយើងធ្វើកិច្ចសន្យា ពេលដែលប្រមូលផលរួចត្រូវបញ្ឈប់ការដាំដុះលើដីវិនិយោគនេះតទៅទៀត តែពីមួយរដូវទៅមួយរដូវ ពីមួយឆ្នាំទៅមួយឆ្នាំ បងប្អូនប្រជាពលរដ្ឋនៅតែបន្តដាំដំណាំលើដីនេះដដែល។

លោកអភិបាលរងខេត្តព្រះវិហារ បានថ្លែងបញ្ជាក់ទៀតថា ជាក់ស្តែងប៉ុន្មានថ្ងៃមុននេះ មានវិទ្យុមួយផ្សាយថា ក្រុមហ៊ុនចំការអំពៅបានធ្វើការប៉ះពាល់លើដីបងប្អូនប្រជាពលរដ្ឋជនជាតិភាគតិចចំនួន៦០ហិកតា ដែលករណីនេះលោក ណុប វុទ្ធី បានថ្លែងប្រាប់អ្នកសារព័ត៌មានថាជារឿងមិនពិតនោះទេ ដោយលោកបញ្ជាក់ថា ករណីដីជាង៦០ហិកតានោះ គឺជាដីឯកជនរបស់រដ្ឋដែលបានចុះបញ្ជីជូនក្រុមហ៊ុន រួយ ហ្វេង រួចហើយ មិនដូចការផ្សាយរបស់វិទ្យុនោះទេ។

ឆ្លើយនឹងសំណួររបស់អ្នកសារព័ត៌មានដែលសួរថា តើអាជ្ញាធរខេត្តព្រះវិហារ មានវិធានការបែបណាដើម្បីបញ្ចប់វិវាទដីនៅក្រុមហ៊ុនចំការអំពៅនេះ? លោក ណុប វុទ្ធី បានថ្លែងថា ដោយអនុវត្តតាមអនុសាសន៍របស់លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ គឺយកយន្តការដោះស្រាយក្រៅប្រព័ន្ធតុលាការ ដោយអាជ្ញាធរខេត្តមិនចង់ឃើញបងប្អូនមានទោសទណ្ឌនោះទេ តែងព្យាយាមដោះស្រាយសម្របសម្រួល ក៏ដូចជាការអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ យើងត្រូវគោរពច្បាប់ ដើម្បីផ្តល់ឱកាសឱ្យក្រុមហ៊ុនធ្វើការអភិវឌ្ឍតទៅទៀត៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *