នាព្រឹកថ្ងៃអង្គារ ១៣កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកំពង់ចាម មានបើកវគ្គបណ្តុះបណ្តាលឡើងវិញ ដល់គ្រូបង្គោល ស្ដីពីការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម ២៣ ខែមករា ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ដែលវគ្គបណ្តុះបណ្តាលធ្វើឡើងចំនួន២ថ្ងៃ ២៣-២៤ ខែមករា ឆ្នាំ២០២៤ នៅសាលប្រជុំធំសាលាខេត្តកំពង់ចាម។
គូសបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ មានគោលបំណងសំខាន់នៃការអនុវត្គគណនេយ្យភាពសង្គម គឺជាការផ្ដោតសំខាន់ទៅលើការអនុវត្តផ្តល់សេវាទាំង៣ វិស័យ គឺរដ្ឋបាលឃុំ-សង្កាត់ មណ្ឌលសុខភាព និងវិស័យអប់រំសម្រាប់ថ្នាក់បឋមសិក្សា ដែលត្រូវធ្វើយ៉ាងណា ដើម្បីឲ្យប្រសើរឡើងនូវគុណភាព និងការឆ្លើយតប នៃការផ្តល់សេវាសាធារណៈ តាមរយៈការពង្រឹង និងធ្វើឱ្យក្លាយជាប្រព័ន្ធនៃតម្លាភាព និងការចូលរួមរបស់ប្រជាពលរដ្ឋនៅក្នុងដំណើរការកសាងផែនការ និងការផ្តល់សេវានានា របស់រដ្ឋបាលថ្នាក់ក្រោមជាតិ៕