ព័ត៌មានសន្តិសុខសង្គម

ពលរដ្ឋសូមឱ្យបញ្ឈប់ការផ្សាយគ្រឿងស្រវឹង បន្ទាប់មានអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍រាល់ថ្ងៃ!

ភ្នំពេញ៖ប្រជាពលរដ្ឋបានបញ្ចេញមតិព្រោងព្រាត តាមបណ្តាញហ្វ៊េសប៊ុក សុំឱ្យបញ្ឈប់ការផ្សព្វផ្សាយគ្រឿងស្រវឹង ដែលជំរុញឱ្យអ្នកផឹកកាន់តែច្រើន និងឈានដល់ការបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍សម្លាប់មនុស្សនិងបង្ករបួសរាល់ថ្ងៃ។
ការរិះគន់និងសុំឱ្យបញ្ឈប់ការផ្សព្វផ្សាយនេះ គឺកើតឡើងក្រោយមានគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់ដែលមនុស្ស៤នាក់ស្លាប់ យ៉ាងអណោចអធម៌ នៅក្រោមស្ពានអាកាសឫស្សីកែវ កាលពីយប់ថ្ងៃទី២០ ខែមករាបង្កឡើងដោយបុរសជាមន្ត្រីគយម្នាក់តំបន់៣ម្នាក់ បើកបរក្នុងស្ថានភាពស្រវឹង។
រូបភាពមួយសន្លឹកក្នុងន័យស្អប់ខ្ពើម ការផ្សព្វផ្សាយគ្រឿងស្រវឹងដ៏ច្រើនលើសលុប ត្រូវបានអ្នកលេងហ្វេសប៊ុកបង្ហោះចេញទៅ ភ្ជាប់ជាមួយនឹងពាក្យប៉ុន្មានឃ្លា ដែលទទួលបានការចាប់អារម្មណ៍ និងគាំទ្រជាខ្លាំង។ជាមួយនោះមានអ្នកចែករំលែកបន្តដល់ទៅជាង១ម៉ឺន២ពាន់នាក់។
សំណេរនោះរៀបរាប់ថា “នៅពីក្រោយការផ្សព្វផ្សាយស្រាបៀរ គឺមានឈាមជនរងគ្រោះជាច្រើននាក់ និងទឹកភ្នែកសាច់ញាតិដែលបាន បាត់បង់សមាជិកគ្រួសារ ដោយសារការបើកបរក្នុងស្ថានភាពស្រវឹងរបស់អ្នកប្រព្រឹត្ត។ ការសប្បាយរបស់អ្នកមួយពេល ធ្វើឱ្យក្រុមគ្រួសារគេវិប្បដិសារីមួយជីវិត។ អ្វីដែលអ្នកថាមោទនភាពជាតិ វាជាមរណភាពជាតិ”។
គណនីហ្វេសប៊ុកមួយទៀតក៏ទទួលបានការ គាំទ្រច្រើនដែរតាមរយៈសារមួយ ដែលទទូចឱ្យបញ្ឈប់ការផ្សព្វផ្សាយគ្រឿង ស្រវឹងនៅតាមដងផ្លូវ និងបានស្នើឱ្យជំនួសមកវិញដោយរូបភាព និងអត្ថន័យអប់រំភាពរីកចម្រើន ឬសក្ដានុពលទាក់ទាញរបស់កម្ពុជា ដែលអាចស្រូបយកភ្ញៀវទេសចរជាតិនិងអន្តរជាតិ។
គណនីនោះសរសេរថា “ឆ្នាំនេះ២០២៤ហើយយុគសម័យ AI ល្មមដល់ពេលបង្អួតពីភាពខ្លាំងរបស់កម្ពុជាទៅកាន់ពិភពលោក ឱ្យកាន់តែជឿនលឿនហើយ ស្រាបៀរគ្រឿងស្រវឹងផ្សេងៗ មិនមែនជាគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច របស់ប្រទេសអ្នកខ្លាំងទៀតនោះទេ”។ការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងភាគច្រើន តែងភ្ជាប់ជាមួយ នឹងសារដែលជំរុញឱ្យចង់ទទួលទាន ដូចជា ការលើកសរសើរពីគុណសម្បត្តិរបស់ស្រា ឬស្រាបៀរថាមានរសជាតិឆ្ងាញ់ គេងលក់ស្រួល ប៉ូវកម្លាំង ក្រោកឡើងមិនឈឺក្បាល មិនធ្វើទុក្ខជាដើម និងមានសារខ្លះថាជាមោទនភាពជាតិ។
ក្រុមហ៊ុនស្រាបៀរ ជាច្រើនមានកម្មវិធីផ្តល់ជារង្វាន់ លើកទឹកចិត្តប្រគំតន្ត្រីគគ្រឹកគគ្រេង ដល់អ្នកទិញ និងអ្នកទទួលទានដូចជា ពិសាឈ្នះរង្វាន់ម៉ូតូ រថយន្ត និងការឈ្នះជាសាច់ប្រាក់ ឬរង្វាន់គាស់ក្រវិលត្រូវរង្វាន់ភ្លាម និងទទួលបានស្រាបៀរបន្ថែមជាដើម។
ទោះយ៉ាងណា នៅពីក្រោយការផ្សព្វផ្សាយនិងទទួលទានដ៏ច្រើនឥតគុរនា វិបត្តិជាច្រើនបាននិងកំពុងកើតមានឡើង រាប់ចាប់តាំងពីផលប៉ះពាល់ដល់ សុខភាពមនុស្សគ្រប់វ័យ ខាតបង់ប្រាក់កាស និងអាយុជីវិត។ អ្វីដែលកំពុងចោទជាបញ្ហាស្តែងៗនោះ គឺអត្រាខ្ពស់នៃគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយអ្នកបើកបរ ក្រោមឥទ្ធិពលជាតិស្រវឹង សម្លាប់ពលរដ្ឋស្លូតត្រង់រាល់ថ្ងៃ។
គួរបញ្ជាក់ថា មតិរិះគន់និងការអំពាវនាវជាថ្មី ពីប្រជាពលរដ្ឋខ្មែរ បានកម្រើកឡើងជាថ្មីបែបនេះ គឺនៅក្រោយពេល អ្នកបើករថយន្តម្នាក់ឈ្មោះ នាង សំអូន ភេទប្រុស ជាមន្ត្រីគយ បានបើករថយន្តក្នុងស្ថានភាពស្រវឹងកម្រិតជាតិអាកុល០.៥៤ ក្នុងល្បឿនលឿនចុះពីស្ពានឫស្សីកែវបាន បុករះម៉ូតូ៤គ្រឿង និងរថយន្ដ២គ្រឿងស្លាប់ស្រី៣នាក់ប្រុសម្នាក់ និងស្រីរងរបួសធ្ងន់២នាក់។ក្នុងចំណោមគ្រោះថ្នាក់នោះមានសិស្សពូកែ និងកំពុងបន្តការសិក្សានៅឧត្តមសិក្សានៅឡើយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *