ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចឃាត់ខ្លួនបុគ្គលិកក្រុមហ៊ុន ប្រាក់កម្ចីតាមអនឡាញ( វ៉ង់ វ៉ង់)ដែលមិនមានច្បាប់អនុញ្ញាត!

ភ្នំពេញ៖កម្លាំងនគរបាលនាយកដ្ឋាន ប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឃាត់ខ្លួនបុគ្គលិកក្រុមហ៊ុន ប្រាក់កម្ចីតាមអនឡាញ វ៉ង់ វ៉ង់ ដែលមិនមានច្បាប់អនុញ្ញាត។
ដោយមានការចង្អល់បង្ហាញពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងនគរបាលនាយកដ្ឋាន បានឃាត់ខ្លួនបុគ្គលិកក្រុមហ៊ុន ប្រាក់កម្ចីតាមអនឡាញវ៉ង់ វ៉ង់ ម្នាក់ ឈ្មោះ នន់ កុសល់ ភេទស្រី អាយុ ៤០ឆ្នាំ។ មានតួនាទីជាអ្នកទារប្រាក់ពីអតិថិជន និងទម្លាក់លុយឱ្យអតិថិជនខ្ចីដែលមិនមានច្បាប់អនុញ្ញាត។
ក្រោយពីឃាត់ខ្លួនមន្ត្រីនាយកដ្ឋានបានបញ្ជូនសំណុំរឿងទៅតុលាការរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ជាមួយនោះនាយកដ្ឋានក៏បានក្រើនរំលឹកសាធារណៈជនទាំងអស់ ថា ការផ្តល់កម្ចីជាអាជីវកម្មជូនប្រជាពលរដ្ឋ ដោយគ្មានការអនុញ្ញាត គឺជាអំពើខុសច្បាប់មានចែងក្នុងមាត្រា៥១ នៃច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលអាចឈានទៅដល់ការផ្តន្ទា ទោសដាក់ពន្ធនាគារ។ចំពោះទំនាក់ទំនងសិទ្ធិលើបំណុល ម្ចាស់បំណុលនៅតែមាន សិទ្ធិប្តឹងទាមទារបំណុលពីកូនបំណុល ស្របតាមនីតិវុធីនៃច្បាប់។
ទាក់ទិនករណីខាងលើធនាគារជាតិនៃកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីផលវិបាកនៃការប្រើប្រាស់កម្ចីខុសច្បាប់នេះថា ធនាគារជាតិនៃកម្ពុជាបានកត់សម្គាល់ឃើញថា ថ្មីៗនេះក្រុមហ៊ុនឯកជនមួយចំនួនបានផ្សព្វផ្សាយ ជាសាធារណៈយ៉ាងសកម្ម។តាមរយៈបណ្តាញសង្គមការចែកនាមប័ណ្ណ និងផ្ញើសារតាមទូរសព្ទជាដើម។
សេចក្តីខាងលើ ធនាគារជាតិនៃកម្ពុជា សូមជម្រាបជូនសាធារណជនពីផលវិបាកធំៗ ដែលបណ្តាលមកពីការប្រើប្រាស់កម្ចីខុសច្បាប់ដូចជា អតិថិជនអាចប្រឈមមុខនឹងបំណុលវ័ណ្ឌក ដោយសារអត្រាការប្រាក់នឹងកម្រៃសេវាផ្សេងៗ ខ្ពស់យ៉ាងខ្លាំងជាងគ្រឹះស្ថានដែលស្របច្បាប់ និងការគណនាការប្រាក់មិនត្រឹមត្រូវតាមច្បាប់។
អតិថិជនអាចប្រឈមមុខនឹងការគំរាមកំហែង កៀបសង្កត់រងគ្រោះថ្នាក់ ឬ រូបភាពផ្សេងៗ ដើម្បីបង្ខំឱ្យសងប្រាក់ដើម ការប្រាក់ និងប្រាក់ពិន័យដែលមិនសមហេតុផល ទៅក្រុមហ៊ុនវិញ ទ្រព្យធានារបស់អតិថិជនអាចត្រូវបានក្រុមហ៊ុន ឬ អ្នកផ្តល់កម្ចីខុសច្បាប់រឹបអូសដោយមិនឆ្លងកាត់ការសម្រេចពីតុលាការជាដើម។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងស្នើសុំសាធារណជន បង្កើនការប្រុងប្រយ័ត្ន និងជៀសវាងការប្រើប្រាស់សេវាកម្មកម្ចីពីក្រុមហ៊ុន ឬ អ្នកផ្តល់កម្ចីដែលគ្មានច្បាប់ អនុញ្ញាតទាំងនោះ។ ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជាបានកំពុងនឹងស្នើសុំការសហការពីអាជ្ញាធរពាក់ព័ន្ធ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ទៅលើក្រុមហ៊ុន ឬ អ្នកផ្ដល់ប្រាក់កម្ចីខុសច្បាប់គ្រប់រូបភាពទាំងអស់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *