(សៀមរាប) នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្ដម ឃុន សាវឿន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកខេត្តសៀមរាប បានដឹកនាំក្រុមការងារពិនិត្យផ្ទៃដីដាំដុះដំណាំស្រូវប្រាំងរបស់ប្រជាកសិករ នៅក្នុងឃុំល្វា ស្រុកពួក ខេត្តសៀមរាប ដែលកំពុងរងនូវផលប៉ះពាល់ដោយគ្រោះរាំងស្ងួត និងបណ្តាលឱ្យដំណាំស្រូវប្រមាណ ១៦០ហិកតា ស្វិតស្រពោន។
បន្ទាប់ពីក្រុមការងារបានពិនិត្យជាក់ស្តែង ឯកឧត្ដម ឃុន សាវឿន បានណែនាំដល់ប្រជាកសិករដែលជាម្ចាស់ស្រែ ឱ្យដាំដុះដំណាំស្រូវឱ្យទាន់ពេលវេលា និងប្រើប្រាស់ទឹកដោយសន្សំសំចៃឱ្យបានត្រឹមត្រូវទៅតាមដំណាក់កាលនៃការលូតលាស់របស់ដំណាំស្រូវ។
ជាវិធានការនិងដំណោះស្រាយបន្ទាន់លើបញ្ហានេះ ឯកឧត្ដមបានប្រាប់ដល់អាជ្ញាធរនៅតំបន់នោះដាក់ពាក្យស្នើសុំបញ្ចូលទឹកពីមន្ទីរធនធានទឹក និងឧតុនិយម ខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា ជួយបញ្ចេញទឹកពីស្ទឹងសៀមរាប មកកាន់ស្ទឹងព្រះស្រុក ដើម្បីឱ្យកសិករមានទឹកស្រោចស្រពស្រែជាបន្តទៀត។
ក្នុងដំណើរចុះត្រួតពិនិត្យនេះមានការចូលរួមពី លោក ហៃ វាសនា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប លោកពុត លឿម អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម លោក ស៊ិន ចាន់ថុល អភិបាលនៃគណ:អភិបាលស្រុកពួក សមាជិកក្រុមប្រឹក្សាឃុំល្វា និងមេភូមិស្ទឹងព្រះស្រុក៕