ព័ត៌មានសន្តិសុខសង្គម

មន្ត្រីនគរបាលចរាចរណ៍ម្នាក់ ជិះម៉ូតូល្មើសច្បាប់២ករណី ត្រូវផាកពិន័យ១៤ម៉ឺនរៀល

ភ្នំពេញ៖បន្ទាប់ពីមានរូបរូបភាពមួយ ត្រូវបានចែកចាយនៅលើ បណ្តាញសង្គមហ្វេសប៊ុក បង្ហាញពីអ្នកអនុវត្តច្បាប់ចរាចរណ៍ តែបានប្រព្រឹត្តខុសច្បាប់ចរាចរណ៍ ចំនួន២ករណីត្រូវប្រធានអង្គភាព ហៅមកផាកពិន័យ ចំនួន១៤ម៉ឺនរៀល។
សមត្ថកិច្ចរាជធានីភ្នំពេញបានឱ្យដឹងថា មន្ត្រីនគរបាលចរាចរណ៍ម្នាក់ដែលបើកម៉ូតូ ល្មើសច្បាប់ចរាចរណ៍ផ្លូវគោក អត់ពាក់មួកសុវត្ថិភាព និងនិយាយទូរសព្ទត្រូវបានប្រធានអង្គភាព ហៅមកផាកពិន័យតាមច្បាប់ បន្ទាប់ពីឃើញរូបភាពគេចែកចាយ នៅលើសង្គមហ្វេសប៊ុល។
ប្រភពដដែលបានឱ្យដឹងទៀតថា កាលពីថ្ងៃទី១៩ ខែមករាបន្ទាប់ពីបានឃើញមានការផុសតាមហ្វេសប៊ុកបង្ហាញពីមន្ត្រីនគរបាលចរាចរណ៍ម្នាក់ បើកបរម៉ូតូលើផ្លូវសាធារណៈ ក្នុងខណ្ឌពោធិ៍សែនជ័យ មិនពាក់មួកសុវត្ថិភាព និងនិយាយទូរសព្ទ។ ភ្លាមៗនោះ លោកឧត្តមសេនីយ៍ឯក ជួនណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យខាងនគរបាលចរាចរណ៍ផ្លូវគោក ស្រាវជ្រាវរកមន្ត្រីបើកបរល្មើសនោះ ដើម្បីឱ្យចូលមកផាកពិន័យតាមច្បាប់ ។
លោកអនុសេនីយ៍ឯក ព្រាប តារា មន្ត្រីនគរបាលចរាចរណ៍នៅថ្ងៃដដែល បានចូលមកអង្គភាពនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីផាកពិន័យតាមច្បាប់។ទី១-មិនពាក់មួកសុវត្ថិភាព ចំនួន៦០.០០០រៀល និងទី២-ប្រើប្រាស់ទូរសព្ទពេលបើកបរចំនួន៨០.០០០រៀល សរុបចំនួន១៤០.០០០រៀល។ការអនុវត្តបែបនេះគឺជាគំរូមួយ សម្រាប់អ្នកក្រោយៗទៀត កុំយកតម្រាប់តាមទាំងប្រជាពលរដ្ឋ និងមន្ត្រីរាជការ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *