Uncategorized

សត្វកន្ធាយយក្សភ្នែកកង្កែប ដ៏កម្រ០១ក្បាលបានយកទៅលេងនៅចំការពូជឈើក្រញូង

សៀមរាប៖សត្វកន្ធាយយក្សភ្នែកកង្កែប ដ៏កម្រ១ក្បាលត្រូវបានអាជ្ញាធរនិងមន្ត្រីជំនាញបានយកទៅលែងនៅចម្ការពូជឈើគ្រញូង ស្រុកបន្ទាយស្រី ខេត្តសៀមរាបកាលពីរសៀលថ្ងៃទី ១៣ ខែមករា។
មន្ត្រីជំនាញបានឱ្យដឹងថា សត្វកន្ធាយយក្សភ្នែកកង្កែបដ៏កម្រ១ក្បាល ទម្ងន់៣៥គីឡូក្រាម ដែលលោកបណ្ឌិត វុធ ស៊ែ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងក្រុមការងារ បានទិញពីប្រជានេសាទ មកពីស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។


ការប្រលែងសត្វកន្ធាយនោះ នាយរងផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី មន្ត្រីអភិរក្សចម្ការពូជឈើគ្រញូង និងក្រុមការងារបាននាំគ្នាយកមកលែងនៅចម្ការរពូជឈើគ្រញូង ស្ថិតក្នុងឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ក្រៅពីមានប្រាង្គប្រាសាទដ៏មហាអស្ចារ្យហើយ ក៏មានព្រៃជាដែនជម្រកសត្វគ្រប់ប្រភេទដ៏មានសុវត្ថិភាព ដែលរដ្ឋបាលព្រៃឈើខេត្តសៀមរាបជ្រើសជាទីតាំងសម្រាប់លែងសត្វកម្រប្រកបដោយសុវត្ថិភាព។
លោកបណ្ឌិត វុធ ស៊ែ អនុប្រធាននាយកដ្ឋាន នគរបាលព្រហ្មទណ្ឌបានថ្លែងថា ដោយមានចិត្តអាណិតស្រឡាញ់សត្វព្រៃដ៏កម្រប្រភេទនេះ លោកក៏សុំទិញពីអ្នកនេសាទម្នាក់នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដើម្បីយកមកលែងនៅទីនេះព្រោះទីតាំងនេះមានអ្នកថែទាំការពារត្រឹមត្រូវជាប្រចាំ។


លោកបន្តថា ការលែងសត្វព្រៃក្នុងតំបន់ចម្ការពូជឈើគ្រញូង គឺក្នុងគោលបំណងរួមចំណែកអភិរក្សសត្វព្រៃដែលបច្ចុប្បន្នកំពុងប្រឈមគ្រោះថ្នាក់ និងជិតផុតពូជទៀតផង។ ជាពិសេសសត្វព្រៃក៏ជាប្រភពដ៏សំខាន់មួយក្នុងការទាញភ្ញៀវទេសចរ ព្រោះវាមិនបានផ្តល់ផលអាក្រក់ឬគ្រោះថ្នាក់ដល់មនុស្សឡើយ។
លោកបណ្ឌិតបញ្ជាក់ថា លោកក៏បានស្នើឱ្យមន្ត្រីរដ្ឋបាលព្រៃឈើនៅទីនេះជួយថែរក្សាការពារសត្វដ៏កម្រទាំងនេះ ហើយក៏ជួយឧបត្ថម្ភដល់មន្ត្រីរដ្ឋបាលព្រៃឈើ និងអ្នកអភិរក្សចំនួន៣០០ដុល្លារ សម្រាប់ដោះស្រាយនូវការងារបេសកកម្មនេះ។
លោកលី សុផា នាយរងផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រីបានឱ្យដឹងដែរថា នៅតំបន់ព្រៃពូជឈើគ្រញូងនេះ យើងមានភ្នាក់ងារបំពេញ ការងារជាប្រចាំ និងមានកាមេរាសុវត្ថិភាពសម្រាប់តាមដានសកម្មភាពសត្វ និងសកម្មភាពយាយីពីជនខិលខូចផងដែរ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *