ព័ត៌មានសន្តិសុខសង្គម

បង្ក្រាបការដឹកជញ្ជូនលៀសខុសច្បាប់ជិត៥០ ការ៉ុងយកចាក់ចូលទន្លេវិញ

កំពង់ឆ្នាំង៖កាលពីថ្ងៃទី១៤ ខែមករាកម្លាំងខណ្ឌរដ្ឋបាលជលផលខេត្ត បានចុះបង្ក្រាបការដឹកជញ្ជូនលៀសចំនួន៤៥ការុង ដែលឈ្មួញប្រុងលើកដាក់រថយន្ត យកទៅលក់នៅបណ្តាខេត្ត។ការបង្ក្រាបនេះនៅមាត់កំពង់ទឹក ក្នុងភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។


លោក អ៊ូ សោភ័ណ្ឌ នាយរងខណ្ឌរដ្ឋបាលជលផល កំពង់ឆ្នាំងបានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីពលរដ្ឋកម្លាំងរដ្ឋបាលជលផលផ្សារឆ្នាំង និងមន្ត្រីសង្កាត់ជលផលស្រុកបរិបូណ៌ បានចុះពិនិត្យបទល្មើសលួចដឹកលៀសប្រុងលើកដាក់រថយន្តទៅលក់នៅបណ្តាខេត្តផ្សេងៗ។


ពេលទៅដល់សមត្ថកិច្ចបានពិនិត្យលៀសតូចៗ សម្រាប់កិនធ្វើចំណីសត្វ ច្រកការុងចំនួន៤៥ការុង។ តែដោយរកម្ចាស់មិនឃើញកម្លាំងក៏វះការុងចាក់លែង លៀសទាំងអស់ចូលក្នុងទឹកទន្លេវិញអស់។ជាមួយនោះសមត្ថកិច្ចក៏បានរកឃើញលៀលធំៗដែលគេសម្រាប់ហាលលក់ទីផ្សារក្នុងស្រុកចំនួន៥០ការុង ដែលច្បាប់បានអនុញ្ញាតឱ្យធ្វើនេសាទ និងលក់ដូរ។
ប្រជាពលរដ្ឋបានរិះគន់ថា ជលផលខេត្តពោធិ៍សាត់ និងខេត្តកំពង់ធំ គេមិនបង្ក្រាបការនេសាទលៀសចំណីសត្វនេះទេ។អ្នកនេសាទលៀសចំណីសត្វដែលច្បាប់ហាមឃាត់នេះ តែងលួចនេសាទនិងដឹកជញ្ជូនមកដាក់រថយន្តនៅឃុំឆ្នុកទ្រូ ខេត្តកំពង់ឆ្នាំង យកទៅលក់សឹងរាល់ថ្ងៃ។
ករណីនេះប្រជាពលរដ្ឋសុំឱ្យរាជរដ្ឋាភិបាល និងសមត្ថកិច្ចពាក់ព័ន្ធជួយទប់ស្កាត់ និងបង្ក្រាប ឱ្យមានប្រសិទ្ធភាពផង ទើបរក្សាពូជលៀសគង់វង្សនៅក្នុងបឹងទន្លេសាប ព្រោះលៀសមានសារៈប្រយោជន៍ខ្លាំងណាស់ សម្រាប់ប្រព័ន្ធអេកូឡូស៊ីនៅបាតបឹងទន្លេសាប ហើយក៏ជាចំណីត្រីក្នុងទន្លេផងដែរ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *