Uncategorized

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលបដិសណ្ឋារកិច្ច និងចាប់ផ្ដើមពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីចិន!

បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច និងត្រួតពលរួចទៅ សម្តេចតេជោ ហ៊ុន សែន និងលោក លី ខឺឈាង បានអញ្ជើញពិភាក្សាការងារ។ បន្ទាប់មកសម្តេចតេជោ និងលោក លី ខឺឈាង អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារផ្តល់ជំនួយ លើគម្រោងអភិវឌ្ឍន៍មួយចំនួននៅកម្ពុជា។ ក្នុងនោះក៏មានការរៀបចំសម្ពោធជានិមិត្តរូបដាក់ឱ្យប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុផងដែរ។

លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន និងភរិយា ព្រមទាំងគណៈប្រតិភូ បានអញ្ជើញមកដល់កម្ពុជា កាលពីយប់ថ្ងៃអង្គារ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការពីថ្ងៃទី៨ ដល់១១ ខែវិច្ឆិកា។ ក្រៅតែពីបំពេញទស្សនកិច្ចផ្លូវការហើយនោះ លោក លី ខឺឈាង ក៏នឹងបន្តអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធ ជាមួយអាស៊ានផងដែរ។

ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការលើកទី២នៅកម្ពុជា នៅរសៀលថ្ងៃទី០៩ ខែវិច្ឆិកានេះ មុននឹងអញ្ជើញជួបសម្តេចតេជោនាយករដ្ឋមន្ត្រី, លោក លី ខឺឈាង បានអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ បន្ទាប់មកអញ្ជើញដាក់កម្រងផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ នៅមណ្ឌបព្រះបរមរូប។

នៅថ្ងៃទី១០ ខែវិច្ឆិកា លោក លី ខឺឈាង និងភរិយា នឹងអញ្ជើញទស្សនកិច្ចនៅខេត្តសៀមរាប ដោយទស្សនាប្រាសាទមួយចំនួន ហើយក៏នឹងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាប្រគល់គម្រោងស្ថាបនាឡើងវិញនៃប្រាសាទតាកែវ។

នៅថ្ងៃទី១១ ខែវិច្ឆិកា លោក លី ខឺឈាង នឹងអញ្ជើញចូលក្រាបបង្គំគាល់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។

សូមបញ្ជាក់ថា លោក លី ខឺឈាង ជាជនជាតិហាន កើតនៅខែកក្កដា ឆ្នាំ១៩៥៥ ក្នុងខេត្តអានហួយ ប្រទេសចិន។ លោកបានចូលបម្រើការងាររដ្ឋចិននៅខែមីនា ឆ្នាំ១៩៧៤ និងចូលជាសមាជិក នៃបក្សកុម្មុយនិស្តចិននៅខែឧសភា ឆ្នាំ១៩៧៦។

លោក លី ខឺឈាង បានបញ្ចប់ការសិក្សាជំនាញសេដ្ឋសាស្រ្តផ្នែកនីតិសាស្រ្ត និងសេដ្ឋសាស្រ្តនៃវិទ្យាស្ថានសេដ្ឋសាស្រ្ត នៃសកលវិទ្យាល័យប៉េកាំង ទទួលបានសញ្ញាប័ត្រថ្នាក់អនុបណ្ឌិតបរិញ្ញាប័ត្រផ្នែកនីតិសាស្រ្ត និងបណ្ឌិតផ្នែកសេដ្ឋសាស្ត្រ។

លោក លី ខឺឈាង ត្រូវបានបក្សកុម្មុយនិស្តចិន បោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រីទី៧របស់ចិន បន្ទាប់ពីលោក វេន ជាប៉ាវ នៅឆ្នាំ២០១៣។ លោកនឹងបញ្ចប់តំណែងជានាយករដ្ឋមន្ត្រីចិន នៅខែមីនា ឆ្នាំ២០២៣។

កាលពីឆ្នាំ២០១៨ លោក លី ខឺឈាង បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារួចម្តងមកហើយ។

សូមបញ្ជាក់ថា កម្ពុជា និងចិន បានភ្ជាប់ទំនាក់ទំនងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ មានរយៈពេលប្រមាណ ៦៤ឆ្នាំហើយ។ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១០ ទំនាក់ទំនងប្រទេសទាំងពីរ ត្រូវបានដំឡើងកម្រិតទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលជាទំនាក់ទំនងកម្រិតខ្ពស់។

តាមរយៈទំនាក់ទំនងកម្រិតកំពូលនេះ កម្ពុជា និងចិន បានបង្កើតនូវកិច្ចព្រមព្រៀងលើកិច្ចសហប្រតិបត្តិការជាមួយគ្នាជាច្រើនទាំងលើផ្នែកនយោបាយ សេដ្ឋកិច្ច និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។ តាមរយៈទំនាក់ទំនងនេះ ធ្វើឱ្យមានការផ្លាស់ប្តូរនូវព្រះរាជដំណើរ និងដំណើរទស្សនកិច្ចជាញឹកញាប់រវាងប្រទេសទាំងពីរ។

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានយាងទៅប្រទេសចិនចំនួន២១លើក។ សម្តេចតេជោ អញ្ជើញទៅចិនចំនួន ១៤ដង។

ក្រៅតែពីមេដឹកនាំមុនៗទៅ មេដឹកនាំចិននាពេលបច្ចុប្បន្នសុទ្ធតែបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ លោក ស៊ី ជិនពីង អញ្ជើញទស្សនកិច្ចផ្លូវរដ្ឋនៅឆ្នាំ២០១៦, លោក លី ខឺឈាង ទស្សនកិច្ចផ្លូវការនៅឆ្នាំ២០១៨។ ទស្សនកិច្ចពេលនោះឯកសារចំនួន១៩ ត្រូវបានចុះហត្ថលេខា។ ឯកសារទាំងនោះពាក់ព័ន្ធសេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យា, ការកសាងហេដ្ឋារចនាសម្ព័ន្ធ, កសិកម្ម, ថាមពល និងសុខាភិបាល។

ក្រៅពីនោះរដ្ឋមន្ត្រីការបរទេស និងមន្ត្រីជាន់ខ្ពស់របស់ចិន បានអញ្ជើញមកកាន់កម្ពុជាជាញឹកញាប់ផងដែរ ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ។

ផ្តើមចេញពីទំនាក់ទំនងល្អនេះ ធ្វើឱ្យការធ្វើពាណិជ្ជកម្មរវាងចិន និងកម្ពុជាកាន់តែមានភាពរស់រវើក។ ទំហំពាណិជ្ជកម្មរវាងកម្ពុជា ​និងចិន សម្រេចបានប្រមាណជាង ១១ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២១ ហើយ ៩ខែ ឆ្នាំ២០២២ ជិត ៩ពាន់លានដុល្លារ។ ពាក់ព័ន្ធការធ្វើពាណិជ្ជកម្មនេះ ប្រទេសទាំងពីរបានសម្រេចបង្កើតនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា ហើយចូលជាធរមាននៅខែមករា ឆ្នាំ២០២២នេះ ដែលបើកលំហរពាណិជ្ជកម្មកាន់តែធំ។ ប្រទេសទាំងកំណត់គោលសម្រេចការធ្វើពាណិជ្ជកម្មជាមួយគ្នាឱ្យបាន ១៥ពាន់លានដុល្លារនៅឆ្នាំ២០២៥។

ចិន បានក្លាយទៅជាទីផ្សារដ៏ធំសម្រាប់កម្ពុជា និងជាប្រទេសនាំអង្ករកម្ពុជាលំដាប់ទី១រយៈពេលប្រមាណ ៤ឆ្នាំមកហើយ។ នៅឆ្នាំ២០២០ ចិន នាំអង្ករកម្ពុជា ជិត ៣០ម៉ឺនតោន ឆ្នាំ២០២១ ជាង ៣០ម៉ឺនតោន ហើយ៩ខែ ឆ្នាំ២០២២នេះ នាំជាង ២០ម៉ឺនតោនហើយ។

ចិន ក៏ជាប្រទេសដែលបានដាក់ទុនវិនិយោគលំដាប់កំពូលនៅកម្ពុជាផងដែរ។ របាយការណ៍បង្ហាញថា ឆ្នាំ២០២០ ទុនវិនិយោគចិន នៅកម្ពុជាមានជាង ១.៦ពាន់លានដុល្លារ, ឆ្នាំ២០២១ មានជាង ២.៤ពាន់លានដុល្លារ ហើយ៩ខែ ឆ្នាំ២០២២ មានជាង ១.៥ពាន់លានដុល្លារ។

ចិន ក៏ជាប្រទេសដែលបានរួមចំណែកជួយកសាងធនធានមនុស្សនៅកម្ពុជាផងដែរ។ គិតពីឆ្នាំសិក្សា ២០១៨-២០១៩ ដល់ឆ្នាំសិក្សា ២០២២-២០២៣ ចិនផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាសរុប ៧៧៨នាក់។ ចិន ក៏បានប្រកាសបង្កើនចំនួនអារូបករណ៍ ដោយផ្តល់ប្រមាណ ៥០០នាក់ក្នុងមួយឆ្នាំ រយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០២២ ដល់២០២៧។

ចិន ក៏បានរួមចំណែកផ្តល់ជំនួយ និងកម្ចីគ្មានការប្រាក់ជាច្រើនសម្រាប់ជួយអភិវឌ្ឍន៍នៅកម្ពុជា។ របាយការណ៍ បានបញ្ជាក់ថា គិតពីឆ្នាំ២០០១ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ចិន ផ្តល់កម្ចីគ្មានការប្រាក់ និងជំនួយជាង ២ពាន់លានដុល្លារដល់កម្ពុជា។

ឆ្នាំ២០០១ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ចិន បានផ្តល់កម្ចីជាង ៥ពាន់លានដុល្លារ។

ចិន ក៏ជាប្រទេស ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ១៩។ ចិន បានក្លាយទៅជាបង្អែកដ៏ចាំបាច់សម្រាប់ការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩នៅកម្ពុជា។ ក្នុងនោះវ៉ាក់សាំងសរុបជិត ៤២លានដូស ដែលកម្ពុជាទទួលបានពីប្រទេសចិន។

ក្នុងនោះចំនួន ១៣.៣លានដូសជាជំនួយរបស់ចិន ហើយចំនួន ២៨.៥លានដូស កម្ពុជា បានទិញពីប្រទេសចិន៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *