Uncategorized

រដ្ឋបាលខេត្តព្រះវិហារប្រារព្ធទិវាអនាម័យបរិស្ថានជាតិ

 

ព្រះវិហារ​៖ ក្នុងឱកាស​ប្រារព្ធ​ទិវា​អនាម័យ​បរិស្ថាន​ជាតិ​កាលពី​ព្រឹក​ថ្ងៃទី​២៣​ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​លោក​នេត្រ​ភក្ត្រា​រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំ​ក្រសួងបរិស្ថាន​បាន​បន្ត​លើកទឹកចិត្ត​អាជ្ញាធរ​មូលដ្ឋាន​។​ជាមួយ​នោះ​សុំឱ្យ​ប្រជាពលរដ្ឋ​ឱ្យ​បង្កើន​ការចូលរួម​ដាំ​ដើមឈើ​នៅតាម​ទីសាធារណៈ​,​សាលារៀន​,​វត្ត​អារាម​,​នៅតាម​ក្រសួង​,​និង​មន្ទីរ​អង្គភាព​នានា​។​ដើម្បី​បង្កើន​ភាព​បៃតង​ចូលរួម​ការពារ​បរិស្ថាន​និង​ធនធានធម្មជាតិ​និង​ប្រព័ន្ធ​អេកូឡូស៊ី​បង្កើន​គុណភាព​ខ្យល់​ថែរក្សា​គុណភាព​ដី​និង​ការពារ​ប្រភពទឹក​ក្រោម​ដី​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ទៀត​។​

​លោក​នេត្រ​ភក្ត្រា​រដ្ឋលេខាធិការ​នេត្រ​ភក្ត្រា​បាន​ថ្លែងថាៈ​ព្រៃឈើ​ដើរតួនាទី​សំខាន់​ក្នុងការ​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី​ដែល​យើង​ចាំបាច់​ត្រូវ​ដាំ​បន្ថែម​ពីលើ​ឈើ​ធម្មជាតិ​ដែល​កម្ពុ​ជាមាន​។​លោក​ថ្លែងបន្តថាៈ​បច្ចុប្បន្ន គម្រប​ព្រៃឈើ​កម្ពុ​ជាមាន​ជាង​៨,៥​លាន​ហិកតា​ស្មើនឹង ៤៦,៨៦​ភាគរយ​នៃ​ផ្ទៃដី​សរុប របស់​កម្ពុជា​។

​ដោយឡែក​ផ្ទៃដី​ព្រៃឈើ​ដែល​ស្ថិតក្រោម​ការការពារ​និង​អភិរក្ស​ដោយ​ក្រសួងបរិស្ថាន​មាន​ទំហំ​ប្រមាណ ៧,៣​លាន​ហិកតា​ដោយ​ចែកចេញជា ៦៥​តំបន់ការពារធម្មជាតិ​ដែល​រួមមាន​ឧទ្យាន​ជាតិ ដែនជម្រកសត្វព្រៃ តំបន់ការពារទេសភាព តំបន់​ប្រើប្រាស់​ច្រើនយ៉ាង រួម​នឹង​របៀង​អភិរក្ស​ជីវៈចម្រុះ​។​

​លោក ប្រាក់ សុវណ្ណ អភិបាលខេត្ត​ព្រះវិហារ បាន​ក្រើនរំលឹក​ក៏ដូចជា​ជំរុញ​ឱ្យ​ស្ថាប័ន​សាធារណៈ និង​ឯកជន​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ប្រជាពលរដ្ឋ​ចូលរួម​ធ្វើ​អនាម័យ​និង​ថែរក្សា​បរិស្ថាន​ជាប្រចាំ​នៅតាម​មូលដ្ឋាន​របស់ខ្លួន​។​លោក​ក៏បាន​ជំ​រុញឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ជាមួយនឹង​ស្ថាប័ន​ពាក់ព័ន្ធ​ធ្វើការ​អប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ពី​ការគ្រប់គ្រង ទុកដាក់​សំរាម និង​សំណល់​រឹង​ឱ្យបាន​ត្រឹមត្រូវ​ផងដែរ​។​

​ជាមួយគ្នានេះដែរ លោក ជួប បារី​ស៍ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ចំណេះដឹង និង​ព័ត៌មាន​បរិស្ថាន បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រសួងបរិស្ថាន ជាពិសេស អាជ្ញាធរ និង​មន្ត្រីរាជការ​នៃ​ខេត្តព្រះវិហារ​យុវជន​សិស្ស​និស្សិត​នៅ​ជុំវិញ​ខេត្ត​ដែល​តែងតែ​គាំទ្រ​ដល់​គ្រប់​ចលនា​បរិស្ថាន​។​
​លោក​ជួប​បារី​ស៍​ក៏បាន​ផ្តល់នូវ​អនុសាសន៍​មួយចំនួន​ក្នុងការ​ថែរក្សា​បរិស្ថាន​រួមមាន​៖​អនាម័យ​ខ្លួនឯង​ជាប្រចាំ​, ទុកដាក់​សំរាម​ឱ្យ​ត្រូវ​ក្នុង​ធុង​, ស្រឡាញ់ ការពារ និង​ដាំ​ដើមឈើ​៕​សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *