ភ្នំពេញ៖ស្ថានភាពនៃជំងឺកូវីដ-១៩នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និង ខេត្តកណ្តាលមានហានិភ័យខ្ពស់ក្នុងការបន្តចម្លងចូលទៅក្នុងសហគមន៍ក្នុងមូលដ្ឋាន។ករណីនេះដែលចាំបាច់ត្រូវបន្តប្រុងប្រយ័ត្នខ្ពស់និងត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តវិធានការនានាដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាលឱ្យបានហ្មត់ចត់ ។
នេះបើយោងតាមលិខិតរបស់លោក ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយករដ្ឋបាល ក្រសួងមហាផ្ទៃ នៅថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០២០។ក្នុងស្មារតីនេះដើម្បីបន្តការអនុវត្តវិធានការទប់ស្កាត់ឱ្យទាន់ពេលវេលា នូវការរីករាលដាលជំងឺកូវីដ-១៩សំដៅថែរក្សាសុខភាពសាធារណៈនិងសុវត្ថិភាពសង្គមអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ។
សូមឱ្យអភិបាលរាជធានីភ្នំពេញនិងអភិបាលខេត្តកណ្តាលផ្អាកជាបណ្តោះអាសន្នរយៈពេល២សប្តាហ៍ នៃការរៀបចំវេទិកាផ្សព្វផ្សាយ ពិគ្រោះយោបល់និងកិច្ចប្រជុំនានា។ដែលមានមនុស្សជាច្រើនចូលរួម ដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញខេត្តកណ្តាលរដ្ឋបាលក្រុងស្រុកខណ្ឌនិងឃុំសង្កាត់ក្នុងមូលដ្ឋានរាជធានី-ខេត្តទាំង២។ជាមួយគ្នានេះក្រសួងមហាផ្ទៃណែនាំឱ្យបន្តអនុវត្តវិធានការបង្ការនិងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល៕សហការី