ព័ត៌មានសន្តិសុខសង្គម

អាជ្ញាធររាជធានីភ្នំពេញ ចុះដកហូតម៉ូតូចំនួន២៦២ គ្រឿង ពីទីតាំងបញ្ចាំនៅឃ្លាំងរំសេវ អំពាវនាវពលរដ្ឋមកផ្ទៀងផ្ទាត់ឯកសារ ដើម្បីយកម៉ូតូត្រឡប់ទៅវិញ

(ភ្នំពេញ)៖ អាជ្ញាធររាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចុះត្រួតពិនិត្យឃ្លាំងបញ្ចាំនូវឃ្លាំងរំសេវ ដែលត្រូវបានឃ្លុំបេកន្លងមក ដើម្បីដកហូតម៉ូតូចំនួន២៦២គ្រឿង ជូនដល់ប្រជាពលរដ្ឋដែលបានដាក់ពាក្យបណ្ដឹង និងមានឯកសារត្រឹមត្រូវ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនទៅពួកគាត់វិញ។

ប្រតិបត្តិការនេះ ដឹកនាំដោយលោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ និងលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារង និងមានការចូលរួមពី លោក អ៉ិន មាត្រា អគ្គនាយករង នៃនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប), លោក ជា ពិសី អភិបាលខណ្ឌទួលគោក និងលោកវរសេនីយ៍ឯក បុត សត្យា ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធជាច្រើននាក់ទៀត។

ជាមួយគ្នានេះ លោក ឃ្លាំង ហួត បានអំពាវនាវដល់ប្រជាពលរដ្ឋផ្សេងទៀត ដែលបានបាត់ម៉ូតូ ឬបានដាក់បញ្ចាំម៉ូតូ ត្រូវមកលុះម៉ូតូវិញ និងរកម៉ូតូមិនឃើញនោះ ត្រូវប្រញាប់រួតរះដាក់ពាក្យបណ្ដឹងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីឲ្យអាជ្ញាធរបានរៀបចំធ្វើការត្រួតពិនិត្យឯកសារ និងប្រគល់ម៉ូតូជូនទៅពួកគាត់វិញ។

លោកបានបញ្ជាក់ផងដែរថា ក្នុងរង្វង់ប្រតិបត្តិការចុះត្រួតពិនិត្យមើលទីតាំងឃ្លាំងបញ្ចាំ គឺធ្វើជាប់ជាប្រចាំដូចភ្លៀងរលឹម ប៉ុន្តែបានផ្អាកមួយរយៈនេះ ដោយសារតែពុំមានកន្លែងគ្រប់គ្រាន់សម្រាប់ស្តុកម៉ូតូដែលត្រូវបានរហូត។

បើតាមលោក ឃ្លាំង ហួត ក្នុងរង្វង់ប្រតិបត្តិការកន្លងមកកម្លាំងអាជ្ញាធរ បានដកហូតម៉ូតូបានជាង១,០០០គ្រឿង។ ដូច្នេះនៅព្រឹកថ្ងៃនេះ បានដកហូតម៉ូតូចំនួន២៦២គ្រឿង ប្រគល់ជូនប្រជាពលរដ្ឋដែលបានដាក់ពាក្យបណ្ដឹង និងនៅសល់ម៉ូតូជាង៩០០គ្រឿងបន្តទៀត ស្តុបនៅឃ្លាំង OCIC។ សូមឲ្យប្រជាពលរដ្ឋប្រញាប់ដាក់ពាក្យបណ្ដឹងបន្តដើម្បីអាជ្ញាធរបានត្រូវពិនិត្យ និងប្រគល់ម៉ូតូជូន៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *