(ភ្នំពេញ)៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងប្អូនស្រី គឺលោកស្រី យីងឡាក់ បានបង្ហាញវត្តមាននៅក្នុងពិធីខួបកំណើតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
នៅថ្ងៃទី៥ ខែសីហា គឺខួបកំណើតសម្តេចតេជោ គម្រប់ ៧១ឆ្នាំ។ ដូចរាល់ឆ្នាំដែរ ក្នុងពិធីខួបកំណើតរបស់សម្តេចតេជោមានការរៀបចំពិធីអបអរសាទរនៅភូមិគ្រឹះរបស់សម្តេច នាក្រុងតាខ្មៅ។
តាមរយៈវីដេអូកាត់នំខួបកំណើតដែលសម្តេចតេជោបង្ហោះលើ TikTok គេបានសង្កេតឃើញមានការចូលរួមពីក្រុមគ្រួសារ។ បន្ថែមពីលើនោះ គេបានឃើញវត្តមានលោក ថាក់ស៊ីន និងលោកស្រី យីងឡាក់ នៅក្នុងពិធីនោះផងដែរ។
យោងតាមការផ្សាយរបស់សារព័ត៌មាន Fresh News បានអោយដឹងថា លោក ថាក់ស៊ីន និងលោកស្រី យីងឡាក់ បានស្នាក់នៅភូមិគ្រឹះសម្តេចតេជោនាក្រុងតាខ្មៅមួយយប់។ លុះព្រឹកឡើងបន្ទាប់ពីស្រស់ស្រូបអាហារពេលព្រឹកជាមួយសម្តេចតេជោហើយនោះ លោក ថាក់ស៊ីន និងលោកស្រី យីងឡាក់ បានហោះចេញពីកម្ពុជា។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន និងលោក ថាក់ស៊ីន បានរាប់អានគ្នាជាបងប្អូនធម៌ ហើយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ តាំងពីឆ្នាំ១៩៩២ មុនលោក ថាក់ស៊ីន ធ្វើជាជានាយករដ្ឋមន្ត្រីមកម៉្លេះ៕