បន្ទាយមានជ័យ៖ក្រុមជំនាញបសុពេទ្យខេត្ដបន្ទាយមានជ័យសហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ការពារព្រំដែនជោគជ័យបានចុះស្ទាក់បង្ក្រាបរថយន្ដដឹកផលិតផលសាច់មាន់ចេញពីប្រទេសថៃតាមច្រករបៀង១គ្រឿងនៅចំណុចស្ពានលេខ៣ភូមិជោគជ័យឃុំអូរបីជាន់ស្រុកអូរជ្រៅខេត្ដបន្ទាយមានជ័យកាលពីរំលងអាធ្រាត្រចូលថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២០។
មន្ត្រីការិយាល័យផលិតកម្មនិងបសុព្យបាលនៃមន្ទីរកសិកម្មនិងនេសាទខេត្ដបន្ទាយមានជ័យបាឱ្យដឹងថា៖ការចុះបង្ក្រាបនោះគឺលើរថយន្ដម៉ាកហីយ៉ាន់ដាយពណ៌សពាក់ផ្លាកលេខ2C.7818ដឹកផលិតផលសាច់មាន់ចេញពីប្រទេសថៃដោយខុសច្បាប់តាមច្រករបៀងជោគជ័យហៅច្រកណងចាន់។
មន្ត្រីដដែលបានបន្តថាៈនេះជាការទទួលខុសត្រូវរបស់មន្ត្រីជំនាញពេទ្យក្នុងការទប់ស្កាត់នូវរាល់ទំនិញខូចគុណភាពពិសេសគឺខុសនឹងសារាចរលេខ០៧របស់រាជរដ្ឋាភិបាលស្តីពីការទប់ស្កាត់ជំងឺឆ្លងនិងវិធានការនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ។គឺនាំចូលពីប្រទេសថៃតាមច្រករបៀងដោយខុសច្បាប់និងការដឹកជញ្ជូនចូលមកក្នុងប្រទេសកម្ពុជាដោយគ្មានច្បាប់អនុញ្ញាត។ខុសនឹងលក្ខណៈបច្ចេកទេសដែលជាហេតុបង្កផលប៉ះពាល់ដល់បរិមាណគុណភាពសុវត្ថិភាពដល់អ្នកទទួលទានទៀតផង៕សហការី