សៀមរាប៖កម្លាំងនគរបាលស្រុកសូទ្រនិគមបានស្រាវជ្រាវចាប់ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចម៉ូតូកាលពីកន្លះឆ្នាំមុនហើយរៀបចំសំណុំរឿងបញ្ជូនទៅតុលាការនៅថ្ងៃនេះ។
មន្ត្រីនគរបាលខេត្តសៀមរាបបានឱ្យដឹងថា កាលពីរសៀលថ្ងៃទី១៥ ខែធ្នូកម្លាំងនគរបាលស្រុកសូទ្រនិគមបានស្រាវជ្រាវរហូតដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់នៅផ្លូវជាតិលេខ៦ក្នុងភូមិដំដែកផ្សារ ស្រុកសូទ្រនិគម ខេត្តសៀមរាប។បុរសខាងលើពាក់ព័ន្ធករណីលួចម៉ូតូកាលពីយប់អំឡុងខែមិថុនាឆ្នាំ២០២២ នៅវាលស្រែប្រឡាយថ្មីភូមិថ្លាត ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។
ស្ត្រីម្ចាស់ម៉ូតូ ឈ្មោះយឿន ពា អាយុ៣៧ឆ្នាំ នៅភូមិថ្លាត ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ជនសង្ស័យឈ្មោះ ភឹម ថៃ អាយុ៣៦ឆ្នាំ នៅភូមិ ឃុំខាងលើ។ជនសង្ស័យបានសារភាពថា រូបគេបានលួចម៉ូតូជនរងគ្រោះពិតប្រាកដមែន។ពេលចាប់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាងម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមហើយបានប្រគល់ឱ្យម្ចាស់វិញ។
បន្ទាប់ពីនោះនគរបាលជំនាញខេត្តបានរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការដើម្បីចាត់ការតាមច្បាប់៕