ព័ត៌មានអន្តជាតិ

ប្រជាជនឆេកជាង ៧ ម៉ឺននាក់ តវ៉ាប្រឆាំងគោលនយោបាយរដ្ឋាភិបាល អឺរ៉ុប និងណាតូ

ប្រជាជនឆែកជាង៧ម៉ឺននាក់ ជួបជុំគ្នានៅរដ្ឋធានីប្រាកនៅថ្ងៃទី៣ ខែកញ្ញា ដើម្បីតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលដែលដោះស្រាយបញ្ហាសេដ្ឋកិច្ចមិនបានល្អរហូតតម្លៃថាមពលឡើងថ្លៃឥតឈប់ឈរក្រោយផ្អាកនាំចូលពីរុស្ស៊ីតាមការកំណត់របស់សហភាពអឺរ៉ុប (EU)។ ពួកគេ ទាម​ទារឱ្យសម្ព័ន្ធភាពកំពុង​កាន់​អំណាច ចាត់វិធានការដោះស្រាយបញ្ហក្នុងស្រុក។ ក្រុមតវ៉ាទាំងនោះ ក៏​បង្ហាញការមិនពេញចំពោះ EU និងសម្ព័ន្ធយោធាណាតូផងដែរដែលរួមចំណែកនាំឱ្យមានបញ្ហានៅឆែកដែរ។
អ្នករៀបចំបាតុកម្មដែលមកពីក្រុមនយោបាយស្តាំនិយម និងជ្រុលនិយ​​មមួយចំនួន រួមទាំងបក្ស​កុម្មុយនីស្តឆែក អះអាងថា បណ្ដាប្រទេសអឺរ៉ុបកណ្តាលដែលមានឆែកផង គួរតែមាន​អព្យាក្រឹត្យ​ភាព​ផ្នែកយោធា និងធានាកិច្ចសន្យាដោយផ្ទាល់ជាមួយអ្នកផ្គត់ផ្គង់ឧស្ម័នផ្សេងៗរួមទាំងរុស្ស៊ីផងដែរ។ ក្រុម​អ្នកតវ៉ា បានរិះគន់ពីភាពអសកម្មរបស់រដ្ឋាភិបាលដែលធ្វើឱ្យអតិផរណា និងតម្លៃថាមពលកើនឡើងស្រឺតៗ។
តាមការប៉ាន់ស្មានរបស់ប៉ូលិសឆែក ក្រុមអ្នកតវ៉ាមានជាង៧ម៉ឺននាក់បើគិតត្រឹមពាក់កណ្ដាល រសៀល​ថ្ងៃទី៣ ខែកញ្ញា។
«គោលបំណងនៃការតវ៉ារបស់ពួកយើងគឺការទាមទារឱ្យមានការផ្លាស់ប្ដូរ ដែលសំខាន់ជាងគេគឺផ្ដោត​លើការដោះស្រាយបញ្ហាការឡើងថ្លៃតម្លៃថាមពល ជាពិសេសថាមពលអគ្គិសនី និងឧស្ម័ន​ដែល​នឹង​បំផ្លាញសេដ្ឋកិច្ចរបស់យើងនៅរដូវស្លឹកឈើជ្រុះនេះ(ខែតុលាដល់វិច្ឆិកា)»។ អ្នករៀបចំការតវ៉ាឈ្មោះ Jiri Havel ប្រាប់គេហទំព័រព័ត៌មាន iDNES.cz បែបនេះ។
លើសពីនោះ ក្រុមតវ៉ាទាំងនោះក៏មិនពេញចិត្តនឹងចំណាត់ការរបស់ EU និងសម្ព័ន្ធយោធាណាតូដែល បានជំរុញឱ្យមានការដាក់សម្ពាធលើការនាំចូលឧស្ម័នរុស្ស៊ីដែលវាបែរជាជះផលប៉ះពាល់​ដល់តម្លៃ​ឧស្ម័ននៅឆែកផងដែរ។
យ៉ាងណាមិញ ជាការឆ្លើយតបនាយករដ្ឋមន្ត្រីឆែក Petr Fiala បានប្រាប់ទីភ្នាក់ងារព័ត៌មានក្នុងស្រុក CTK នៅថ្ងៃទី៤ ខែកញ្ញា ថា ក្រុមបាតុករមិនបានគិតគូរពីផលប្រយោជន៍របស់ប្រទេស ជាតិ​នោះ​ឡើយ​។ លោកក៏បានបន្តថា ការ​តវ៉ា​នៅ​ទីលាន Wenceslas ត្រូវ​បាន​ចាត់ទុកកជាក្រុម​ដែល​គាំទ្រ​រុស្ស៊ី និ​ង​ជា​ក្រុមដែលប្រឆាំង​នឹង​ផលប្រយោជន៍​របស់​សាធារណរដ្ឋ​ឆែក។
ការតវ៉ាខាងលើនៅទីលាន Wenceslas ដែលស្ថិតនៅកណ្តាលទីក្រុងប្រាក ធ្វើឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​រដ្ឋាភិបាលបានរួចផុតពីការបោះឆ្នោតដកសេចក្ដីទុកចិត្ត។ ការបោះឆ្នោតនេះ​បានបង្ហាញពីវិប​ត្តិ​ថាមពលរបស់អឺរ៉ុបដែលកំពុងរាលដាលឱ្យមានអស្ថិរភាពនយោបាយ ខណៈតម្លៃថាមពល​កើន​ឡើង​ខ្លាំង បង្កឱ្យមានអតិផរណាក្នុងកម្រិតដែលមិនធ្លាប់មានក្នុងរយៈពេលបីទសវត្សរ៍មកនេះ៕
pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *