ព័ត៌មានជាតិ

ស្នងការនគរបាលរាជធានីភ្នំពេញ បង្កើតក្រុមប្រតិបត្តិការទប់ស្កាត់ និងបង្រ្កាបក្រុមធ្វើសកម្មភាពចាប់ឃាត់ខ្លួនពលរដ្ឋបែបអនាធិបតេយ្យ

ភ្នំពេញ)៖ លោកឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបង្កើតក្រុមប្រតិបត្តិការ ទប់ស្កាត់ និងបង្ក្រាបក្រុមធ្វើសកម្មភាពចាប់ឃាត់ខ្លួនមនុស្ស បែបអនាធិបតេយ្យនៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។

ក្នុងសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន ទទួលបាននៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ឯក ស ថេត បានប្រគល់ភារកិច្ចនេះ ជូនលោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរងទទួលផែនគ្រឿងញៀន ជាបញ្ជាការ និងលោកវរសេនីយ៍ទោ រ៉ឹម ម៉ិច នាយការិយាល័យគ្រឿងញៀន ជាបញ្ជាការរង និងព្រមទាំងសមាជិកជាច្រើនរូបទៀត ដោយបែងចែកជា៩ក្រុម ក្នុងនោះសុទ្ធតែជានាយ នាយរង និងមន្ដ្រីនគរបាលនៅខណ្ឌដូនពេញ, ទួលគោក, កំបូល, ពោធិ៍សែនជ័យ, ច្បារអំពៅ, សែនសុខ, ឫស្សីកែវ, ជ្រោយចង្វារ, ព្រែកព្នៅ, ដង្កោ, មានជ័យ, ចំការមន, បឹងកេងកង និងខណ្ឌ៧មករា។

លោកឧត្តមសេនីយ៍ឯក ស ថេត បានកំណត់ឲ្យក្រុមការងារប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបក្រុមធ្វើសកម្មភាពចាប់ឃាត់ខ្លួនពលរដ្ឋបែបអនាធិបតេយ្យនេះ សំខាន់ៗជាច្រើន។ អ្វីដែលសំខាន់ក្នុងសេចក្ដីសម្រេចនោះ បានកំណត់ឲ្យកម្លាំងទាំងអស់ត្រូវស្លៀកពាក់ឯកសណ្ឋានឈុតប្រយុទ្ធ ពាក់សញ្ញាសម្គាល់ និងគ្រឿងបន្ទាប់បន្សំរបស់នគរបាលឲ្យបានសព្វគ្រប់ មានអាវុធគ្រប់ដៃ និងរៀបចំខ្លួនឲ្យស័ក្ដសមជាសមត្ថកិច្ច ដែលមានតួនាទីជាអ្នកអនុវត្តច្បាប់។

ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៀតថា នៅពេលទទួលបានព័ត៌មានតាមប្រព័ន្ធទំនាក់ទំនង ឬប្រភពផ្សេងៗ ពាក់ព័ន្ធនឹងសកម្មភាពចាប់ឃាត់ខ្លួនប្រជាពលរដ្ឋនៅចំណុចណាមួយ ដោយក្រុមមិនស្គាល់អត្តសញ្ញាណ ក្រុមប្រតិបត្តិការទាំងអស់ត្រូវទំនាក់ទំនងផ្ដល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក និងចេញធ្វើសកម្មភាពបង្ក្រាបដោយមិនលើកលែង៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *