លោកនាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកឡើងថា សមត្ថកិច្ច កំពុងប្រៀបធៀប និងកំណត់មុខសញ្ញាមេខ្លោង ជុំវិញករណីបទល្មើសដែលនាំសារធាតុញៀនមកកែច្នៃធ្វើគ្រឿងញៀនខុសច្បាប់នៅកម្ពុជា។ លោក បន្តថា បើតាមការស្ដាប់ចម្លើយកន្លងមក មិនមានភាពស៊ីគ្នាទៅនឹងភ័ស្តុតាង ដែលសមត្ថកិច្ចប្រមូលបាននោះទេ។
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន តាមទូរស័ព្ទ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បញ្ជាក់ដូច្នេះថា៖«យើងត្រូវកំណត់អត្តសញ្ញាឱ្យបាន ថាតើអ្នកណាជាមេខ្លោងធំ អ្នកណាជាមេខោងបន្ទាប់ ក្រោយសមត្ថកិច្ចបង្ក្រាប និងឃាត់ខ្លួន។ អ៊ឹចឹងយើងមិនទាន់ញែកឱ្យដាច់ ថាតើអ្នកដែលត្រូវបានឃាត់ខ្លួនជាមេខ្លោងកម្រិតណានោះទេ»។
លោក ថ្លែងទៀតថា រូបភាព និងទិដ្ឋភាពដែលមើលឃើញនៅខាងក្រៅស្រដៀងគ្នា ឬដូចគ្នាពិតមែន តែចរិកលក្ខណៈពាក់ព័ន្ធនឹងការចាត់តាំង ការប្រព្រឹត្តបទល្មើសមានលក្ខណៈខុសគ្នា។ លោក បន្ថែមថា សមត្ថកិច្ច មិនទាន់អាចសន្មតបាន ថាករណីលួចកែច្នៃគ្រឿងញៀននោះ មានជាប់ពាក់ព័ន្ធគ្នា ឬយ៉ាងណានោះឡើយ។
សូមរម្លឹកថា ដោយគិតចាប់តាំងពីចុងឆ្នាំ២០២១ មកដល់ខែកក្កដា ឆ្នាំ២០២២នេះ សមត្ថកិច្ចកម្ពុជា រកឃើញយ៉ាងតិច៥ករណីហើយ ចំពោះការសុំនាំចូលសារធាតុគីមីផ្សំស្របច្បាប់ ហើយក្រោយមក ឈ្មួញបរទេសដែលភាគច្រើនជាជនជាតិចិន និងជាចិនតៃវ៉ាន់ បែរជាលួចកែច្នៃទៅជាគ្រឿងញៀនខុសច្បាប់។
នៅចុងឆ្នាំ២០២១ សមត្ថកិច្ច បង្ក្រាបបានរោងចក្រ១នៅខេត្តកំពង់ស្ពឺ ដែលលួចផលិតគ្រឿងញៀន ដោយគ្រឿងញៀនជាង២តោន សារធាតុគីមីផ្សំសម្រាប់ផលិតគ្រឿងញៀនជាង៨៤តោន ត្រូវរឹបអូស ហើយជនជាតិចិនជាង១០នាក់ ត្រូវចាប់ខ្លួន។
នៅខែមករា ឆ្នាំ២០២២ សមត្ថកិច្ច ចាប់បានសារធាតុគីមីផ្សំជាង១០០តោន ដែលត្រូវបានជនល្មើសជាជនជាតិចិន ប្រើប្រាស់ក្នុងគោលបំណងផលិតចេញជាគ្រឿងញៀន។ មកដល់ពេលនេះ គេ មិនទាន់ដឹងថា សមត្ថកិច្ចកម្ពុជា ចាប់បានជនល្មើសទាំងនោះហើយឬក៏នៅនោះទេ។
នៅខែឧសភា ឆ្នាំ២០២២ សមត្ថកិច្ច បានបង្ក្រាបមន្ទីរពិសោធន៍៣ទីតាំង ដែលលួចកែច្នៃផលិតគ្រឿងញៀន ដោយ១ទីតាំង នៅរាជធានីភ្នំពេញ និង២ទីតាំង នៅខេត្តកំពង់ស្ពឺ។ ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀនតាមមន្ទីរពិសោធន៍ទាំង៣ទីតាំងនេះ សមត្ថកិច្ច រឹបអូសបានសារធាតុញៀនជាង១,៤តោន និងសារធាតុគីមីសម្រាប់ផលិតគ្រឿងញៀនជាង១១តោន ហើយមានជនជាតិចិនតៃវ៉ាន់៤នាក់ ត្រូវចាប់ខ្លួន។
នៅខែមិថុនា ឆ្នាំ២០២២ សមត្ថកិច្ច ទើបនឹងបានបង្ក្រាបករណីលួចកែច្នៃគ្រឿងញៀននៅខេត្តព្រះសីហនុ ដោយចាប់បានជនល្មើសជាជនជាតិចិនតៃវ៉ាន់៧នាក់ រឹបអូសបានសារធាតុគីមីផ្សំសម្រាប់កែច្នៃជាគ្រឿងញៀនជាង១៤តោន និងគ្រឿងញៀន១៦០គីឡូក្រាម។
នៅខែកក្កដា ឆ្នាំ២០២២ សមត្ថកិច្ច រកឃើញរោងចក្រផលិតគ្រឿងញៀននៅខេត្តស្វាយរៀង និងទីតាំងស្តុបទុកសារធាតុគីមីផ្សំសម្រាប់កែច្នៃជាគ្រឿងញៀនចំនួន៦ទីតាំងទៀត ស្ថិតនៅក្នុងរាជធានីភ្នំពេញ ខេត្តស្វាយរៀង ខេត្តកណ្តាល និង ខេត្តព្រៃវែង។ ក្នុងទីតាំងទាំង៧នេះ សមត្ថកិច្ច រឹបអូសបានគ្រឿងញៀនជិត៣តោន និងសារធាតុគីមីផ្សំសម្រាប់ផលិតគ្រឿងញៀនជិត៣០០តោន ហើយជនជាតិចិន១១នាក់ ត្រូវចាប់ខ្លួន៕