ព័ត៌មានជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាធិបតី ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ

 

ឧត្តរមានជ័យ ៖ នៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ ស​ ថេត អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម​ អភិសន្តិបណ្ឌិត​ ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម​ សុី​ ប្រាសិទ្ធ​ ប្រធានក្រុមប្រឹក្សាខេត្ត​ឧត្តរមានជ័យ និងឯកឧត្តម​ ប៉ែន​ កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានអញ្ជេីញជាអធិបតីភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ។ ពិធីនេះប្រារព្ធធ្វេីឡេីងនៅរដ្ឋបាលសាលាខេត្តឧត្តរមានជ័យ។
ថ្លែងក្នុងឱកាសនោះ លោក ប៉ែន កុសល្យ បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល ដែលសម្រេចបាននាពេលកន្លងមករបស់ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ហួត សុធី។ ឯកឧត្តម បានបង្ហាញក្ដីរំពឹងថា បច្ចុប្បន្នក្រោមការបន្ដដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ខូវ លី នឹងបន្ដរីកចម្រើនបន្ថែមទៀត សំដៅពង្រឹងការងារថែរក្សាសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ មានប្រសាសន៍ក្នុងកម្មវិធីគាំទ្ររបាយការណ៍សង្ខេប និងស្នាដៃរបស់អតីតស្នងការ និងគាំទ្រការសន្យា និងការប្តេជ្ញាចិត្តរបស់ស្នងការថ្មី។ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានកត់សម្គាល់នូវព្រឹត្តិការណ៍ និងសមិទ្ធផលសំខាន់ៗមួយចំនួនដែលកើតចេញ និងការពារបានយ៉ាងល្អពីសំណាក់កងកម្លាំងនគរបាលនៅទូទាំងប្រទេស និយាយជារួម និងនិយាយដោយឡែក កងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ។
ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានគូសបញ្ជាក់ថា កន្លងទៅកងកម្លាំងនគរបាលជាតិ បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងការរក្សាការពារសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ, ការធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម, ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់, ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧, ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា និងត្រៀមលក្ខណៈដើម្បីការពារការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលនឹងប្រព្រឹត្តទៅនាពេលឆាប់ៗខាងមុខ។
ដើម្បីជាប្រទីបបំភ្លឺផ្លូវសម្រាប់ការដឹកនាំបន្ដរបស់ស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានដាក់ចេញនូវអនុសាសន៍មួយចំនួនដូចខាងក្រោម៖
*ទី១៖ ត្រូវបន្ដរក្សាសាមគ្គីភាពផ្ទៃក្នុង កសាងហេដ្ឋារចនាសម្ព័ន្ធរបស់អង្គភាព និងពង្រឹងតួនាទីដឹកនាំកម្លាំងទទួលខុសត្រូវផែនសន្តិសុខ
*ទី២៖ ត្រូវដឹងសុខទុក្ខមន្ត្រីក្រោមឱវាទរួមទាំងមន្ត្រីចូលនិវត្តន៍ផងដែរ និងចុះសួរសុខទុក្ខ។ ពិនិត្យរចនាសម្ព័ន្ធធនធានមនុស្ស​ សុខុមាលភាពទាំងកន្លែងធ្វេីការ​ កន្លែងស្នាក់នៅ ដាក់កម្លាំងប្រចាំការ និងលេខទូរស័ព្ទទទួលសំណេី និងសំណូមពរពីប្រជាពលរដ្ឋនៅពេលដែលពួកគាត់ត្រូវការអន្តរាគមន៍ផ្សេងៗ។ បញ្ហាគ្រឿងញៀន ត្រូវសម្អាតផ្ទះរបស់យេីជាមុនសិន ហើយបញ្ហាគ្រឿងញៀននេះ គឺត្រូវចាំនូវពាក្យស្លោក៣កុំ ១រាយការណ៍។
*ទី៣៖ ពង្រឹងអធិការដ្ឋាន ដោយស្នងការនគរបាលតែងតាំងថ្មី ត្រូវចុះទៅតាមប៉ុស្តិ៍ទាំង២៤ បញ្ជាការដឹកនាំពង្រឹងប៉ុស្តិ៍ឲ្យបានល្អ​ កែប្រែឥរិយាបថ ត្រូវមានគុណធម៌ សីលធម៌ជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
*ទី៤៖ ត្រូវតាមដានក្តាប់មុខសញ្ញាគ្រឿងញៀនគ្រប់ប្រភេទ​ ស្រាវជ្រាវក្រុមបង្កប់ល្បែងអនឡាញ, ក្មេងទំនេីងមុខសញ្ញាចេញពីពន្ធនាគារ​, បន្តចាត់វិធានការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ បង្កេីនការអប់រំពីគ្រោះថ្នាក់អគ្គិភ័យ។
*ទី៥៖ ពង្រឹងកិច្ចសហប្រតិបត្តការជាមយប្រទេសជិតខាង​ ទប់ស្កាត់ការលួចឆ្លងដែន បង្កលក្ខណៈដល់ប្រជាពលរដ្ឋទាំងសងខាងឆ្លងដែនដោយស្របច្បាប់, បន្តវប្បធម៌សន្ទនា មិនត្រូវបង្កបញ្ហាណាមួយនៅតាមព្រំដែន។ បន្តពង្រឹងចុះសួរសុខទុក្ខកម្លាំងវរនគរបាលការពារព្រំដែន ពិសេសបន្តការហ្វឹកហាត់កម្រិតបច្ចេកទេស​ ជំនាញ​ វគ្គបណ្តុះបណ្តាលផែនទីរយៈពេល៣ខែ។
*ទី៦៖ គ្រប់ក្រុងស្រុកឃុំសង្កាត់ បង្កេីនប្រជាការពារដេីម្បីជួយដល់កម្លាំងអនុវត្តច្បាប់​ ដេីម្បីឲ្យមន្ត្រីអនុវត្តច្បាប់ជួយការងារប៉ុស្តិ៍នគរបាល ត្រូវមានសាមគ្គីភាពផ្ទៃក្នុងរវាងមន្ត្រីទាំងអស់ និងថ្នាក់ដឹកនាំ។ ទទួលបានការវាយប្រហារពីខាងក្រៅ ត្រូវធ្វេីការបន្សាបតាមរយៈអ្នកនាំពាក្យដេីម្បីឆ្លេីយតបទាន់ពេលវេលា។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម​ នាយឧត្តមសេនីយ៍ ស​ ថេត អគ្គស្នងការនគរបាលជាតិ ក៏បាននាំយកមកនូវថវិកាចំនួន ១០លានរៀល និងឧបករណ៍សម្ភារបម្រើឲ្យការងារជំនាញក្នុងប្រតិបត្តិការអន្តរាគមន៍ និងសង្គ្រោះ ផ្តល់ជូនដល់ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ, ថវិកា ៣លានរៀល ផ្តល់ជូនកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ,ថវិកា ៣លានរៀល ផ្តល់ជូនតំបន់ប្រតិការសិករងខេត្តឧត្តរមានជ័យ និងថវិកា ៣លានរៀល ផ្តល់ជូនពន្ធនាគារខេត្តឧត្តរមានជ័យ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *