ភ្នំពេញ៖រថយន្តម៉ាកធុនដ្រាបើកបត់ត្រឡប់ក្រោយជ្រុលបុកម៉ូតូពេញទំហឹងបណ្ដាលឱ្យបុរសម្នាក់ស្លាប់រួចអ្នកបើកបរបន្ថែមល្បឿនរត់គេចបាត់។
គ្រោះថ្នាក់ចរាចរណ៍នេះនៅមុខខារ៉ាអូ ខេជីនជន តាមមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញកាលពីយប់ថ្ងៃទី៣ ខែកក្កដា។បុរសដែលស្លាប់ ឈ្មោះ វីរ:យុទ្ធា អាយុ៤៤ឆ្នាំនៅ ភូមិរលាប ខេត្តពោធិ៍សាត់។
ពលរដ្ឋឃើញហេតុបានឱ្យដឹងថា ដំបូងរថយន្ដម៉ាក ធុនដ្រា ផ្លាកលេខភ្នំពេញ 2BK-0674ធ្វើដំណើរពីកើតទៅលិច។មកដល់កន្លែងខាងលើរថយន្តនេះបានបត់ត្រឡប់ក្រោយក្នុងល្បឿនលឿនក៏ជ្រុលទៅបុកម៉ូតូហុងដាឌ្រីមផ្លាកលេខភ្នំពេញ1BL-5264 ដំណើរបញ្ច្រាស់គ្នាពេញទំហឹងបណ្ដាលឱ្យបុរសនោះដួលបោកក្បាលស្លាប់។
ភ្លាមៗនោះរថយន្តបង្កហេតុមិនបានឈប់ទេក៏បន្ថែមល្បឿនបើករត់គេចខ្លួនបាត់។បន្ទាប់មកសមត្ថកិច្ចជំនាញចុះយកម៉ូតូទៅរក្សាទុកបណ្ដោះអាសន្ននិងបន្តការស្រាវជ្រាវរករថយន្តបង្កយកមកដោះស្រាយតាមច្បាប់៕